ក្រោយដកតំណែងលោក សម រង្ស៊ី ចេញដាក់លោក កឹម សុខា ជំនួសជាប្រធានក្រុមមតិភាគតិច, លោក កឹម សុខា ត្រូវក្រុមសកម្មជនហៅឱ្យទៅជួប លោក សម រង្ស៊ី ដោយផ្ទាល់នៅសហរដ្ឋអាមេរិក
10-12-2016 07:57
(ភ្នំពេញ)៖ សាខាគណបក្សសង្រ្គោះជាតិ ប្រចាំនៅសហរដ្ឋអាមេរិក បានចេញលិខិតមួយ នាថ្មីៗនេះ ដើម្បីអញ្ជើញ លោក សម រង្ស៊ី និង លោក កឹម សុខា ទៅធ្វើទស្សនកិច្ចរួមគ្នានៅសហរដ្ឋអាមេរិក នាអំឡុងដើមឆ្នាំ២០១៧ ខាងមុខនេះ ដើម្បីពន្យល់អ្នកគាំទ្រ។ នេះបើតាមលិខិតអញ្ជើញ ដែលផ្សព្វផ្សាយដោយសកម្មជនគណបក្សនេះ នៅលើបណ្តាញសង្គម Facebook ។
នៅក្នុងលិខិតអញ្ជើញដែលចុះហត្ថលេខាដោយប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ប្រចាំសហរដ្ឋអាមេរិក ឈ្មោះ ជា មាស នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ថ្មីៗនេះ បានបញ្ជាក់ថា ការអញ្ជើញមេដឹកនាំរបស់គណបក្សសង្រ្គោះជាតិ ទៅសហរដ្ឋអាមេរិកនេះ គឺដើម្បីឱ្យលោក សម រង្ស៊ី និងលោក កឹម សុខា ប្រាប់ដល់ថ្នាក់ដឹកនាំ សកម្មជន និងអ្នកគាំទ្រ នៅតាមបណ្តារដ្ឋនានា និងទស្សនវិស័យរបស់គណបក្ស ព្រមទាំងវិធានការ ជាក់លាក់ផ្សេងៗពីថ្នាក់ដឹកនាំ។
លិខិតអញ្ជើញនេះ ធ្វើឡើងស្របពេលដែល លោក កឹម សុខា ទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ ព្រមទាំងដកតំណែងលោក សម រង្ស៊ី ចេញដាក់លោក កឹម សុខា ជំនួស ក្នុងតំណែងជាប្រធានក្រុមថ្នាក់ដឹកនាំតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ និងប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា ខណៈលោក សម រង្ស៊ី កំពុងគេចខ្លួនទៅក្រៅប្រទេសពីសំណាញ់ច្បាប់។ ទោះជាយ៉ាងណា Fresh News មិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមពីមន្រ្តីគណបក្សប្រឆាំងនៅឡើយទេ៕