(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន១៨លើក (យប់៤លើក) បណ្តាលឲ្យមនុស្សស្លាប់៨នាក់ របួសធ្ងន់១៧នាក់ និងរបួសស្រាល៧នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១៨លើកនេះ បណ្តាលឲ្យខូចខាតយានយន្ដ សរុបចំនួន២៩គ្រឿង រួមមានម៉ូតូចំនួន២១គ្រឿង, រថយន្ដធុនតូច៤គ្រឿង និងរថយន្ដធុនធំ៣គ្រឿង, កង១គ្រឿង និងអ្នកថ្មើរជើងម្នាក់ ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ​ល្មើសល្បឿន២លើក, មិនប្រកាន់ស្ដាំ២លើក,ស្រវឹង២លើក, កត្តាយានយន្ដ១លើក, បត់គ្រោះថ្នាក់៥លើក, ប្រជែង៣លើក និងមិនគោរពសិទ្ធិ៣លើក៕