Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន​ សែន៖ «ខ្ញុំមិនបានរើសអើងកីឡាណាមួយទេ! កីឡាប្រដាល់នេះ ខ្ញុំយកចិត្តទុកដាក់មុនគេទៅទៀត» (Video inside)

09-12-2016 20:33

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីម្តងទៀតថា សម្តេចមិនបានរើសអើង​ចំពោះប្រភេទកីឡា​ណាមួយនោះឡើយ ហើយប្រភេទ​កីឡាប្រដាល់ គឺជាកីឡាដែល​សម្តេចបានយកចិត្តទុកដាក់​មុនគេបង្អស់។ ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងដើម្បីឆ្លើយតបទៅ និងក្រុមអ្នករិះគន់មួយចំនួន ដែលតែងតែបានលើកឡើងថា សម្តេចមានចិត្តលំអៀងគាំទ្រតែលើកីឡាបាល់ទាត់ មិនគាំទ្រលើកីឡាដទៃ ជាពិសេសកីឡាប្រដាល់។

ក្នុងពិធីជួបសំណេះសំណាល និងប្រគល់ពានរង្វាន់ដល់លោក សុខ ចាន់មាន ម្ចាស់មេដាយមាសបេតង់ពិភពលោក នៅវិមានសន្តិភាព នារសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងបញ្ជាក់ថា «មានការចូលមក Comment ថា យើងមិនបានយកចិត្តទុកដាក់ទៅ លើកីឡាប្រដាល់ ហើយរឿងនេះមិនមែនទើបតែម្តងទេ។ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនស្នេហាវិស័យកីឡាប្រដាល់ ក៏ដូចជាកីឡាប្រភេទផ្សេងទៀត ខ្ញុំមិនបានរើសអើងទេ។ កីឡាប្រដាល់នេះ គឺជាប្រភេទកីឡា ដែលខ្ញុំបានយកចិត្តទុកដាក់អាចថា មុនគេមុនឯងទៅទៀត»

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរ ពីការប្រឹងប្រែងជួយដល់កីឡាប្រដាល់ ហើយសម្តេចបានចំណាយមិនតិចជាង១០ម៉ឺនដុល្លារនោះឡើយ ដើម្បីជួយ លើកស្ទួយដល់វិស័យកីឡាប្រដាល់។ សម្តេចតេជោថា រាល់ពេលមានការប្រកួតកីឡាប្រដាល់គូអន្តរជាតិម្តងៗ សម្តេចតែងបានឧបត្ថម្ភដល់កីឡាករទាំងខ្មែរ និងបរទេសម្នាក់១ពាន់ដុល្លារ។

សម្តេចនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ពីការជួយជ្រោមជ្រែងរបស់សម្តេច ទៅលើវិស័យកីឡាប្រដាល់នៅដំណាក់កាលទន់ខ្សោយរហូតទទួលបានការឧបត្ថម្ភពី ក្រុមហ៊ុនឯកជន ក្នុងការទ្រទ្រង់លើកម្មវិធីប្រកួតកីឡាប្រដាល់ នៅតាមប៉ុស្តិ៍ទូរទស្សន៍ ហើយមានសភាពផុលផុសដូចពេលបច្ចុប្បន្ននេះ។

បើតាមសម្តេចតេជោ ហ៊ុន សែន ការយកចិត្តទុកដាក់លើវិស័យកីឡាប្រដាល់នេះ មិនត្រឹមតែសម្តេចនោះទេ សូម្បីតែសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បានយកចិត្តទុកដាក់ខ្ពស់ផងដែរ​ទៅលើកីឡាប្រដាល់នេះ ព្រមទាំងបានឧបត្ថម្ភកីឡាករជាបន្តបន្ទាប់ ដូចជាកីឡាករអេភូថង់ និង វ៉ន វីវ៉ា ជាដើម៕