(ភ្នំពេញ)៖ អតីតសិស្សសាលាចតុមុខនឹងរៀបចំកម្មវិធីជួបជុំគ្នា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ចាប់ពីម៉ោង៣៖០០រសៀល ដល់ម៉ោង៨៖០០យប់ ក្នុងគោលបំណង​ដើម្បីរំលឹកគុណដល់លោកគ្រូអ្នកគ្រូ និងផ្តល់​ឱកាសឱ្យអតីតសិស្សសាលាចតុមុខទាំងអស់បានរំលឹកឡើងវិញ នូវអនុស្សាវរីយ៍ពីអតីតកាល ដែលធ្លាប់សិក្សារៀន​សូត្រ បន្ទប់ធ្លាប់រៀន បរិវេណសាលាដែលធ្លាប់រត់លេង កន្លែងដែលធ្លាប់ទិញនំចំណីជាមួយមិត្តភក្តិ ចង់ជួបមិត្តដែលធ្លាប់ប្រឡែងគ្នា និងជាពិសេស​ចង់ជួបលោកគ្រូអ្នកគ្រូ ដែលធ្លាប់បង្ហាត់បង្រៀន។

បើតាមក្រុមការងាររៀប​ចំ​កម្មវិធីបានឱ្យដឹងថា កម្មវីធី​ជួបជុំនេះមានការចូលរួមពី អតីតសិស្ស សិស្សានុសិស្ស និងភ្ញៀវកិត្តិយសជាច្រើន ដើម្បីស្វែងរកថវិកាជូនលោកគ្រូអ្នកគ្រូចំនួន២២៩នាក់ រួមទាំងលោកគ្រូអ្នកគ្រូដែលចូលនិវត្តន៍ ហើយដែលអ្នកចូលរួមទាំងអស់អាចទិញសំបុត្រ ដែលមានដាក់លក់នៅសាលាចតុមុខ ដោយ​ទទួលបានមកវិញនូវអាហារប៊ូហ្វេ និង​ភេសជ្ជៈ។

ថវិកាដែលទទួលបានពីសប្បុរសជន ពីការលក់សំបុត្រ អាវយឺត និងកាបូប មួយចំណែក​សម្រាប់ប្រគល់ជូនលោកគ្រូអ្នកគ្រូ និងមួយចំណែកទៀតបញ្ចូលក្នុងមូលនិធិរបស់សាលា ដើម្បីជួយទ្រទ្រង់ដល់លោកគ្រូអ្នកគ្រូដែលមានជំងឺ មានទុក្ខធុរៈផ្សេងៗ និងពេលចូលនិវត្តន៍។

សូមបញ្ជាក់ថាពិធីជួបជុំនេះ មិនកំណត់ចំពោះតែអតីតសិស្សសាលាចតុមុខទេ សប្បុរស​ជនផ្សេងៗទៀតក៏អាចចូលរួមបានដែរ។

ម្យ៉ាងទៀតប្រសិនបើចង់ទទួល​បានព័ត៌មានបន្ថែម សូមទាក់ទងក្រុមការងាររៀបចំពិធីតាមទូរសព្ទ័លេខ៖ ០១២ ៥០០ ៥៣២ / ០៨១ ៥០០ ៥៣២៕