(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានរថយន្តកែច្នៃខុសលក្ខណ:បច្ចេកទេស ចំនួន៨គ្រឿងត្រូវបានសមត្ថកិច្ចចាប់កាត់ទ្រុងចេញ នៅក្នុងប្រតិបត្តិការចុះត្រួតពិនិត្យ តាមដងផ្លូវនៅរាជធានីភ្នំពេញ នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦នេះ ខណៈ២គ្រឿងទៀត ដែលត្រូវសមត្ថកិច្ចឃាត់ដែរនោះ បានធ្វើកិច្ចសន្យាកាត់ទ្រុងដោយខ្លួះឯង។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រាប់ Fresh News ឱ្យដឹងថា នៅក្នុងប្រតិបត្តិការនៅតាមដងផ្លូវ នៅរាជធានីភ្នំពេញ នាថ្ងៃទី០៩ ខែធ្នូនេះ សមត្ថកិច្ចបានត្រួតពិនិត្យរថយន្តតាមដងផ្លូវចំនួន ៤៣គ្រឿង ក្នុងនោះមាន១០គ្រឿង ត្រូវបានរកឃើញថា តទ្រុងខុសបច្ចេកទេស ដែលក្នុងនោះមាន៨គ្រឿង ត្រូវបានសមត្ថកិច្ចចាប់កាត់ទ្រុង និង ២គ្រឿង បានធ្វើកិច្ចសន្យា។

លោកបានបញ្ជាក់ថា ចាប់ពីពេលនេះតទៅសមត្ថកិច្ចនឹងបង្កើនការត្រួតពិនិត្យទៅលើរថយន្តតទ្រុងខុសបច្ចេកទេស បន្ថែមទៀត។

សូមបញ្ជាក់ថា នាថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមាន និងដាក់បទបញ្ជាឲ្យចាត់វិធានការ លើរថយន្តដឹកលើសទម្ងន់ ដោយមិនលើកលែងគ្រប់រថយន្ត ដឹកលើសទម្ងន់ទាំងអស់ ទោះបីរថយន្តនោះមានម្ចាស់ជាអ្នកពាក់ផ្កាយ ឬលោកខែក៏ដោយ៕