(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ចាប់ពីថ្ងៃទី២០ ខែសីហា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ផ្លាកសញ្ញាសុវត្ថិភាពចរាចរណ៍ (ស្ទីកឃ័រចំណាំងផ្លាត) ជាង២.៥លានសន្លឹកហើយត្រូវបានបិតតាមយានយន្ត និងកង់របស់ប្រជាពលរដ្ឋទូទាំង២៥ រាជធានី-ខេត្ត។

បើតាមការផ្សព្វផ្សាយក្រសួងសាធារណការនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ការបិតផ្លាកសុវត្ថិភាពចរាចរណ៍នេះធ្វើបានជាង ៨៨ភាគរយហើយ នៃចំនួនផ្លាកសរុបជិត ៣លានសន្លឹក។

ក្រសួងក៏បានឲ្យដឹងដែរថា មន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានី-ខេត្ត នឹងបន្តយុទ្ធនាការចុះចែក និង បិតផ្លាកសុវត្ថិភាពចរាចរណ៍បន្តទៀតនៅខែធ្នូនេះ។

សូមបញ្ជាក់ថា យុទ្ធនាការបិតផ្លាកសុវត្ថិភាពចរាចរណ៍នេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាប្រកាសបើកកាល ពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦។ យុទ្ធនាការបិទស្ទីកឃ័រចំណាំងផ្លាតលើគោយន្ត រឺម៉កម៉ូតូ កង់ និង រទេះគោ ដែលគ្មានភ្លើងបំភ្លឺនៅពេលយប់នេះ ធ្វើឡើងដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុនៅពេលយប់ ដែលបណ្តាលមកពីគោយន្ត រឺម៉កម៉ូតូ កង់ និងរទេះ គោជាដើម មិនមានចំណាំងផ្លាតសម្រាប់ប្រាប់ដំណឹងទៅអ្នកបើកបរយានយន្តដទៃ៕