(ភ្នំពេញ)៖ ក្នុងឱកាសដែលតារាចម្រៀង បែបយុវវ័យ លោក ឆាយ វិរៈយុទ្ធ ទទួលបាននូវគ្រឿងឥស្សរិយយស ពីអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងសកម្មភាពស្ម័គ្រចិត្ត ដើម្បីជួយផ្សព្វផ្សាយ អំពីអំពើពុករលួយ ជូនដល់បងប្អូនប្រជាពលរដ្ឋ តាមរយៈការងារសិល្បៈរបស់ខ្លួន នាព្រឹកថ្ងៃ០៩ ធ្នូ ឆ្នាំ២០១៦នេះ លោកបានថ្លែងបញ្ជាក់ថា អំពើពុករលួយ គឺជាឧបសគ្គមួយយ៉ាងធំ រារាំងអ្នកមិនឲ្យជោគជ័យ និងទៅដល់គោលដៅ មិនថាក្នុងវិស័យអ្វីឡើយ ជាពិសេសវិស័យសិល្បៈ ដែលរូបលោកកំពុងជ្រកកោន ក៏មិនអាចវិវឌ្ឍរីកចម្រើនបានដែរ ប្រសិនបើមានអំពើពុករលួយ កើតឡើងក្នុងស្ថាប័ននោះ។

តារាចម្រៀងដែលកំពុងតែ ទទួលបានការគាំទ្រខ្លាំង ពីសំណាក់យុវវ័យ លោក ឆាយ វិរៈយុទ្ធ បានលើកឡើងថា «កាលណាមនុស្សយើងប្រឡូកប្រឡាក់ ជាមួយនឹងអំពើពុករលួយ គឺមិនរីកចម្រើនទេ,មិនថាកន្លែងណា ឬស្ថាប័នណាមួយនោះឡើយ ហើយវិស័យចម្រៀងក៏ដូចគ្នា អ្នកខ្លះមានសមត្ថភាពទុកគ្នាចោល ដោយសារតែអំពើពុករលួយ អ៉ីចឹងយើងត្រូវទទួលស្គាល់សមត្ថភាពពិត កុំឲ្យមានអំពើពុករលួយ វានាំឲ្យអាក់ខានដល់អ្នកមានសមត្ថភាព និងការអភិវឌ្ឍក្នុងវិស័យនេះតែម្ដង..!»

យ៉ាងណាមិញ ចំពោះតារាចម្រៀង ឆាយ វិរៈយុទ្ធ ផ្ទាល់ លោកមើលឃើញថា សព្វថ្ងៃនេះបញ្ហាអំពើពុករលួយ នៅក្នុងសង្គមកម្ពុជា គឺនៅតែបន្តកើតមានជាហូរហែ ប៉ុន្តែតាមរយៈការផ្សព្វផ្សាយពីសំណាក់សិល្បករ-សិល្បការិនី នឹងក្លាយជាសារមួយ ជួយពញ្ញាក់អារម្មណ៍ ដល់បងប្អូនខ្មែរ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ឲ្យបញ្ឈប់ ឬភ្ញាក់ខ្លួនឯង ហើយត្រូវដឹងថា តើខ្លួនកំពុងធ្វើអ្វី ហើយចូលរួមកាត់បន្ថយ និងលុបបំបាត់ទាំងអស់គ្នា។

សូមបញ្ជាក់ថា តារាចម្រៀង និងម្ចាស់ផលិតកម្មសាន់ដេ សរុប៦រូប ដែលមានស្នាដៃចូលរួមសម្តែងស្ម័គ្រចិត្ត ក្នុងទិវាប្រឆាំងអំពើពុករលួយ នាពេលកន្លងមក នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦នេះ ទទួលបានគ្រឿងឥស្សរិយយស ពីអង្គភាពប្រឆាំងអំពើពុករលួយ។

តារាចម្រៀង និងម្ចាស់ផលិតកម្មសាន់ដេ៦រូប រួមមាន កញ្ញា ឃីន ស្រីនាថ ហៅអ៉ីវ៉ា ជាតារាចម្រៀង ទទួលបានមេដាយ មុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ។ ចំណែកតារាចម្រៀង និងម្ចាស់ផលិតកម្មសាន់ដេ២រូបទៀត ទទួលបានមេដាយមុនីសារាភ័ណ្ឌថ្នាក់ អស្សឫទ្ធិ រួមមាន លោក ឡាយ សុខចំរើន អ្នកគ្រប់គ្រងការផលិត, លោក ខេមរៈ សិរីមន្ត តារាចម្រៀង, កញ្ញា សុខ ពិសី តារាចម្រៀង, លោក ឆាយ ចាន់ឆោម ហៅលោក ឆាយវីរៈ យុទ្ធ តារាចម្រៀង និង លោក ខាន់ មករា ហៅ ខាន់ ជេមស៍ តារាចម្រៀង៕