(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦នេះ បាចូលរួមពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង ចំនួន២ខ្សែ និងប្រព័ន្ធលូមួយចំនួនស្ថិតនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ ទូទាំងសង្កាត់គីឡូម៉ែត្រលេខ៦។

ពិធីបើកការដ្ឋានខាងលើ ក៏មានការចូលរួមដោយ លោកស្រី អាន ផល្លា ប្រធានសមាគមន៍នារីប្រចាំខណ្ឌឫស្សីកែវ, លោកអធិការនគរបាលខណ្ឌ, លោកចៅសង្កាត់-មេភូមិ រួមទាំងមន្ត្រីក្រោមឱវាទចំណុះឲ្យសាលាខណ្ឌ និងប្រជាពលរដ្ឋមកពីបណ្ដាភូមិនានាចំនួន ៣០០នាក់។

លោក ជា ពិសី បានឲ្យដឹងថា ការបើកការដ្ឋាននេះ គឺអនុវត្តតាមគម្រោងមូលនិធិអភិវឌ្ឍន៍ខណ្ឌ-សង្កាត់ ឆ្នាំ២០១៦ ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់ប្រមុខរាជរដ្ឋាភិបាល នីតិកាលទី៥ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីចម្រើនលើគ្រប់វិស័យ មានសន្តិភាព មានការអភិវឌ្ឍអគារខ្ពស់ៗ ផ្លូវជាតិ ស្ពានអាកាស និងស្ពានឆ្លងទន្លេជាច្រើនទៀត កាន់តែធ្វើឲ្យកម្ពុជា ក៏ដូចជារាជធានីភ្នំពេញ មានភាពល្បីល្បាញឡើងៗ។

លោក ជា ពិសី បានបន្តថា សម្រាប់មូលដ្ឋានខណ្ឌឫស្សីកែវ ក៏មានការអភិវឌ្ឍគ្រប់សង្កាត់ផងដែរ ដូចជា ផ្លូវបេតុង លូរំដោះទឹកខ្វាត់ខ្វែងជារៀងរាល់ឆ្នាំ ដើម្បីបញ្ជៀសការលិចលង់ និងការស្ថាបនាផ្លូវសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋធ្វើដំណើរបានងាយស្រួល។

លោកបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់កញ្ចប់ថវិកាមូលនិធិអភិវឌ្ឍន៍ខណ្ឌ ដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍមូលដ្ឋាន ក្នុងរាជធានីភ្នំពេញ ទៅតាមផែនការដែលបានលើកឡើង តាមឆ្នាំនីមួយៗ ដោយបានប្រើគម្រោងមូលនិធិរបស់ខណ្ឌសរុបថវិកា ចំនួន «៣,៩០០,៣៨៤,៥០០រៀល ស្មើនឹង ៩៥១,៣១៤ដុល្លារ» ប៉ុន្តែត្រូវបានយកថវិកាមកអភិវឌ្ឍន៍ប្រព័ន្ធលូចំនួន ៨ខ្សែ ដោយចំណាយអស់ថវិកាសរុប «១,៩៧៥,២៧៦,៨០០រៀល» និងអភិវឌ្ឍន៍ផ្នែកផ្លូវចំនួន ៨ខ្សែ ចំណាយអស់ថវិកា «១,៤១៩,៦៩២,៧០០រៀល»។

លោកបន្តថា សម្រាប់សង្កាត់គីឡូម៉ែត្រលេខ៦ អភិវឌ្ឍន៍ដោយស្ថាបនាផ្លូវបេតុងឆ្អឹងដែក ១ខ្សែ មានប្រវែង៤៩៣×៦ម៉ែត្រ ដោយចំណាយអស់ថវិកាចំនួន «៥០១,៦៧៦,៨០០រៀល ស្មើនឹង ១២,២៣៦ដុល្លារ» ព្រមទាំងជួសជុលអណ្ដូងលូ និងស្ដារលូតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុង៥សង្កាត់ មានប្រវែង ៦,១៣១ម៉ែត្រ ស្ដារអណ្ដូងលូចំនួន ១៣៦អណ្ដូង ជួសជុលអាគារ A+B អស់ថវិកាសរុប «១៣៧លានរៀល ស្មើនឹង ៨១,៣៩០ដុល្លារ»។

អាជ្ញាធរខណ្ឌបានប្រើថវិការទាំងនេះ លើគម្រោងមួយចំនួន រួមមាន៖ ទី១-ជួសជុលផ្លូវបេតុងឆ្អឹងដែកចំនួន ៦ខ្សែ មានប្រវែង ១.៤×២៤ម៉ែត្រ ដោយសរុបថវិការមានចំនួន «១,៣៤៨,៤៦៩,៤០០រៀល, ទី២-ដាក់ប្រព័ន្ធលូរំដោះទឹកចំនួន ៥ខ្សែ មុខកាត់០.៨០ម៉ែត្រ ប្រវែង២,២៧៨ម៉ែត្រ ដោយសរុបថវិការចំនួន «១,៤៩៩,៦៦១,៦០០រៀល» ក្នុងសង្កាត់ទាំង៤របស់ខណ្ឌ, ទី៣-ជួសជុលផ្លូវសំបុកមាន់ ប្រវែង៣៣៦ម៉ែត្រ សរុថវិការចំនួន «២៥៥លានរៀល» ស្ថិតក្នុងសង្កាត់ទាំង៣របស់ខណ្ឌ, ទី៤-ស្ដារលូ ប្រវែង៣,៦៦៥ម៉ែត្រ និងជួសជុលអណ្ដូងលូចំនួន ១១១អណ្ដូង ស្ដារលូអ៊ុយ ១៥០ម៉ែត្រ សរុបថវិការចំនួន «២០៤,៥៨២,១០០រៀល ស្ថិតក្នុងសង្កាត់ទាំង៣របស់ខណ្ឌ។

លោកអភិបាលខណ្ឌបានបញ្ជាក់ទៀតថា ជាក់ស្ដែងនាព្រឹកនេះ ក្នុងភូមិក្រោលគោ សង្កាត់គីឡម៉ែត្រលេខ៦ ត្រូវប្រើថវិការមូលនិធិរបស់ខណ្ឌ ក្នុងឆ្នាំ២០១៦ ដើម្បីស្ថាបនាផ្លូវបេតុងឆ្អឹងដែកចំនួន ២ខ្សែ មានប្រវែង ៦១៥×៦ម៉ែត្រ ដោយប្រើថវិកាសរុបចំនួន «៦៣៨,៣៧០,០០០រៀល ស្មើនឹង ១៥,៥៧០ដុល្លារ» ដោយខ្សែទី១.ចុះពីផ្លូវរទេះភ្លើងទៅវត្តទួល មានប្រវែង ២៤០×៦ម៉ែត្រ ប្រើអស់ថវិកាចំនួន «២៤៩,១២០,០០០រៀល ស្មើនឹង ៦០,៧៦០ដុល្លារ», ខ្សែទី២.ចាប់ពីច្រកចូលផ្សារឆេកូដល់ផ្លូវរទេះភ្លើង មានប្រវែង ៣៧៥×៦ម៉ែត្រ ប្រើអស់ថវិកាចំនួន «៣៨៩,២៥០,០០០រៀល ស្មើនឹង ៩៤,៩៣៩ដុល្លារ» និងមានការចូលរួមពីគម្រោងមូលនិធិរបស់សង្កាត់គីឡូម៉ែត្រលេខ៦ ផងដែរ ក្នុងឆ្នាំ២០១៦នេះ ដូចជាស្ថាបនារំដោះទឹកចំនួន ១ខ្សែប្រវែង ៥២៨×០,៥ម៉ែត្រ ដោយចំណាយអស់ថវិកាចំនួន «១១៥,១៥៩,០០០រៀល ស្មើនឹង ២៨,០៨០ដុល្លារ»។

ក្រោយបញ្ចប់ពិធីបើកការដ្ឋានស្ថាបនាផ្លូវ និងប្រព័ន្ធលូ ថ្នាក់ដឹកនាំខណ្ឌឫស្សីកែវ បានប្រគល់នូវវត្ថុអនុស្សារីយ៍ជាចំណងដៃ មានសារុងម្នាក់១ ជូនដល់ប្រជាពលរដ្ឋទាំង ៣០០នាក់ ផងដែរ ព្រមទាំងសម្រេចប្រកាសបើកឲ្យដំណើរការស្ថាបនាផ្លូវ និងប្រព័ន្ធលូចាប់ពី ព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ នេះតទៅ ដើម្បីឲ្យស្របតាមការស្នើសុំតាមរយៈសាលាសង្កាត់ ក្នុងការឆ្លើយតបទាន់សភាពការណ៍ និងតម្រូវការរបស់ប្រជាពលរដ្ឋ៕