(ភ្នំពេញ)៖ បន្ទាប់ពីកីឡាករប៉េតង់ជម្រើសជាតិ សុខ ចាន់មាន ដែលជាម្ចាស់ជ័យលាភីមេដាយមាស កីឡាប៉េតង់ជើងឯកពិភពលោក ឆ្នាំ២០១៦ ត្រឡប់មកមាតុភូមិវិញ សម្ដេចនឹងអនុញ្ញាតឲ្យចូលជួបសម្ដែងការគួរសម និងទទួលស្វាគមន៍យ៉ាងកក់ក្ដៅ នៅវិមានសន្ដិភាព នារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦នេះ។

សូមរំឮកថា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦ លោក សុខ ចាន់មាន បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលជាខ្លាំង តាមរយៈការដណ្ដើមបានមេដាយមាសពីការប្រកួត កីឡាប៉េតង់ជើងឯកពិភពលោក នៅប្រទេសម៉ាដាហ្គាសហ្កា លើវិញ្ញាសាវាយយកពិន្ទុ បន្ទាប់ពីប្រកួតឈ្នះគូប្រជែងមកពី៤៨ប្រទេស និងបានយកឈ្នះកីឡាករបារាំង Boursicaud Bruno នៅវគ្គផ្ដាច់ព្រ័ត្រដោយលទ្ធផល ៣៦-២៩ពិន្ទុ។

ជោគជ័យគួរជាទីមោទនៈនេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន បង្ហោះសារចូលរួមអបអរសាទរភ្លាមៗ នៅលើប្រព័ន្ធទំនាក់ទំនងសង្គមផងដែ។ សម្តេចបានសរសេរថា «ខ្ញុំសូមអបអរសាទរ និងកោតសរសើរដល់កីឡាករប៉េតង់ សុខ ចាន់មាន ដែលដណ្តើមបាន “មេដាយមាសកម្រិតពិភពលោក” នៅក្នុងការប្រកួតជើងឯកកីឡាប៉េតង់ ពិភពលោក ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១-៤ ខែធ្នូ ឆ្នាំ២០១៦ នៅប្រទេសម៉ាដាកាស្ការ (Madagascar) ដែលមានកីឡាករមកពី ៤៨ប្រទេសចូលរួម»។

«ទន្ទឹមនឹងនេះដែរ សូមអរគុណដល់គ្រូបង្វឹក គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រសួងអប់រំយុវជន និងកីឡា និងសហព័ន្ធកីឡាប៉េតង់កម្ពុជា ដែលបានខិតខំប្រឹងប្រែងហ្វឹកហ្វឺនកីឡាករ និងលើកកម្ពស់កីឡាប៉េតង់កម្ពុជារហូតទទួលបានមេដាយមាសនៅថ្ងៃនេះ។ នេះគឺជាមោទនភាពរបស់កម្ពុជាទាំងមូល។ ខ្ញុំនឹងទទួលស្វាគមន៍កីឡាករយើង នៅវេលាម៉ោង៤៖០០ល្ងាចនាថ្ងៃសុក្រ ទី៩ ខែធ្នូ ឆ្នាំ២០១៦ នៅវិមានសន្តិភាព។ សូមជូនពរដល់កីឡាករ កម្ពុជាទាំងអស់ទទួលបានជោគជ័យក្នុងការប្រកួតជាបន្តទៀត»។

លើសពីនេះទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យមានការរៀបចំកម្មវិធីទទួលដំណើរវិលត្រឡប់មកកាន់ប្រទេសកម្ពុជារបស់ប្រតិភូ និងកីឡាករប៉េតង់កម្ពុជា នាល្ងាចថ្ងៃទី៧ ខែធ្នូខាងមុខ ឲ្យមានភាពអធិកអធមផងដែរ ដោយចាត់តាំងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡាទទួលបន្ទុករៀបចំជាក្បួនដង្ហែយ៉ាងតិចមានម៉ូតូកិត្តិយស១២គ្រឿងចូលរួមទៀតផងដែរ៕