(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦នេះ រួមជាមួយលោកអភិបាលរង អធិការរងនគរបាលខណ្ឌ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ ចៅសង្កាត់ មេភូមិ នាយប៉ុស្តិ៍នគរបាល និងមន្ត្រីរាជការសាលាខណ្ឌ បានជួប សំណេះសំណាល សួរសុខទុក្ខ ជាមួយម្ចាស់ផ្ទះជួលទាំងអស់ ក្នុងមូលដ្ឋានខណ្ឌដង្កោ។

ដោយអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកអភិបាលខណ្ឌ បានសំណូមពរដល់ម្ចាស់ផ្ទះជួលទាំងអស់ កុំតម្លើងថ្លៃឈ្នួលផ្ទះ របស់កម្មករ-កម្មការិនី នៅពេលដែលប្រាក់ឈ្នួលគោលប្រចាំខែរបស់កម្មករ កម្មការិនី កើនឡើងដល់១៥៣ដុល្លារ នៅដើមខែមករា ឆ្នាំ២០១៧ ខាងមុខនេះ។

លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានណែនាំដល់ម្ចាស់ផ្ទះទាំងអស់ ឲ្យសហការល្អជាមួយភូមិ សង្កាត់ ប៉ុស្តិ៍ ដើម្បីបង្ការ និងទប់ស្កាត់បទល្មើសនានា ដែលកើតមានឡើងក្នុងមូលដ្ឋាន និងរាយការណ៍ពីបញ្ហានានា ដើម្បីអជ្ញាធរចាត់វិធានការបានទាន់ពេលវេលា ព្រមទាំងជំរុញឲ្យម្ចាស់ផ្ទះជួល បន្ទប់ជួលទាំងអស់ស្នើសុំអជ្ញាប័ណ្ណអាជីវកម្ម ឲ្យបានត្រឹមត្រូវនៅការិយាល័យ​ច្រកចេញ​ចូលតែមួយខណ្ឌដង្កោ ឲ្យបានត្រឹមត្រូវទៅតាមតារាងតម្លៃសេវា ដោយពុំមានការទារកម្រៃលើស ឬការយកលុយប្រចាំខែឡើយ ហើយប្រសិនបើបងប្អូនជាម្ចាស់ផ្ទះ ជួលជួបបញ្ហាទាំងអស់នេះ ត្រូវរាយការណ៍​បន្ទាន់មកអភិបាលខណ្ឌ ដើម្បីចាត់វិធានការ។

លោកអភិបាល ក៏បានអនុញ្ញាតឲ្យម្ចាស់ផ្ទះជួលទាំងអស់ លើកឡើងនូវសំណូមពរ តម្រូវការ និងបញ្ហាកង្វល់នានា ដើម្បីរដ្ឋបាលខណ្ឌមានវិធានការទាន់ពេលវេលា។  

ជាមួយគ្នានោះ ប្រជាពលរដ្ឋជាម្ចាស់អាជីវកម្មផ្ទះជួល ទាំងអស់ បានឯកភាព និងប្តេជ្ញាចិត្តអនុវត្តការមិនតម្លើងថ្លៃឈ្នួលផ្ទះ តាមការអនុសាសន៍អំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា និងអបអរសារទរ ចំពោះចំណាត់​ការរបស់អាជ្ញាធរ ដែលយកចិត្តទុកដាក់ ចំពោះការប្រកបរបរអាជីវកម្មរបស់ពួកគាត់។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលរដ្ឋបាលខណ្ឌដង្កោ បានដឹកនាំកិច្ចប្រជុំជាមួយម្ចាស់ផ្ទះជួល ក្នុងមូលដ្ឋានខណ្ឌដង្កោ ដោយកន្លងមកលោកអភិបាលខណ្ឌ តែងបានដឹកនាំកិច្ចប្រជុំ​ជាមួយម្ចាស់ផ្ទះជួល ក្នុងការកំណត់តម្លៃឈ្នួលផ្ទះ និងការគ្រប់គ្រងអាជីវកម្មផ្ទះជួលផងដែរ ព្រមទាំងការងារ សន្តិសុខ សណ្ដាប់ធ្នាប់ផងដែរ៕