(កណ្តាល)៖ សមត្ថកិច្ចនគរបាលស្រុកអង្គស្នួល បានចាប់ខ្លួនអ្នកយកព័ត៌មានឲ្យអង្គភាពសារព័ត៌មានដែលគេមិនសូវស្គាល់ «ជាតិសែនជ័យ» ម្នាក់ និងបក្ខពួកម្នាក់ទៀត ដែលជំរិតទារប្រាក់ និងក្លែងឯកសណ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦នេះ បន្ទាប់ពីជនសង្ស័យទាំង២នាក់នេះ យកឯកសណ្ឋាននគរបាលជាតិស្លៀកពាក់ ទៅជំរិតទារប្រាក់ពីម្ចាស់ការដ្ឋានសំណង់ សួនកម្សាន្ដមួយកន្លែង ត្រង់ចំណុចការដ្ឋានសំណង់សួនកម្សាន្ដ ស្ថិតក្នុងភូមិគម្ពោធស្បូវ ឃុំបែកចាន ស្រុកអង្គស្នួល។

មន្រ្តីនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ណុប ប៊ុនធីម អាយុ៣៦ឆ្នាំ មុខរបរជាអ្នកយកព័ត៌មានឲ្យអង្គភាព «ជាតិសែនជ័យ» មានទីលំនៅបច្ចុប្បន្នភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ម្នាក់ទៀតឈ្មោះ មឿន សុផល អាយុ៣៨ឆ្នាំ មុខរបរ គួកជេរដី ដែលក្លែងឯកសណ្ឋាននគរបាលព្រហ្មទណ្ឌ ពាក់ស័ក្ដ៣ មានទីលំនៅបច្ចុប្បន្ននៅភូមិក្រូច ឃុំរការ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ចំណែកជនរងគ្រោះជាដើមបណ្តឹងឈ្មោះ ទឺ លីហ៊ុយ ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរ ជាអ្នកបកប្រែ (តំណាងម្ចាស់ការដ្ឋានសំណង់សួនកំសាន្ត) មានទីលំនៅបច្ចុប្បន្នផ្ទះលេខ៨០BE០ ផ្លូវ១៤១ ភូមិ៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

នគរបាលស្រុកបានបន្តថា ក្នុងប្រតិបត្តការបង្រ្កាបចាប់ខ្លួន ជនសង្ស័យខាងលើនេះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ឯកសណ្ឋាននគរបាលជាតិ (ឯកសណ្ឋាននគរបាលព្រហ្មទណ្ឌ ពាក់ស័ក្តិ៣) ១សម្រាប់, វិទ្យុទាក់ទង (អាយឌី)ចំនួន២គ្រឿង, នាមប័ណ្ណឈ្មោះ មឿន សុផល (អង្គភាពស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកំរិតធ្ងន់ ការិយាល័យទីII ក្រសួងមហាផ្ទៃ)ចំនួន១ដុំ, ខ្នោះ១, ស្រោមដៃព័ណ៌ស១គូរ, ម៉ូតូ១គ្រឿងម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ គ្មានផ្លាកលេខ, ទូរស័ព្ទដៃ១គ្រឿង, កាតព័ត៌មាន២(ឈ្មោះ ណុប ប៊ុនធីម)។

បើតាមមន្រ្តីនគរបាល នៅមុនពេលកើតហេតុថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ ជនសង្ស័យទាំង២នាក់ បានស្លៀកពាក់បន្លំខ្លួនជានគរបាលជាតិ ជិះម៉ូតូទៅការដ្ឋានសំណង់របស់ជនរងគ្រោះ សុំធ្វើការត្រួតពិនិត្យសំណុំបែបបទ និងច្បាប់នានាដោយតាំងខ្លួនជានគរបាលអង្គភាពស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកំរិតធ្ងន់ ក្រសួងមហាផ្ទៃ ប៉ុន្តែមិនបានជួបជាមួយជនរងគ្រោះនោះទេ ក្រុមជនសង្ស័យ ក៏បានទុកនាមប័ណ្ណដែលលេខទូរស័ព្ទ ផ្ញើឲ្យជនរងគ្រោះ។

លុះស្អែកឡើងថ្ងៃទី៦ ខែឆ្នាំដដែល ជនរងគ្រោះតេទូរស័ព្ទទៅជនល្មើស ពេលនោះជនល្មើស បានជំរិតទារលុយពីជនរងគ្រោះចំនួន៣០០ដុល្លា តែជនរងគ្រោះប្រាប់ថា គ្មានលុយទេ សុំឲ្យត្រឹម៥០ដុល្លារ ហើយជនល្មើសក៏ព្រមទទួលយករហូតដល់ព្រឹកថ្ងៃទី៨ ខែ/ឆ្នាំដដែល ទើបក្រុមជនសង្ស័យជិះម៉ូតូឌុបគ្នា ទៅការដ្ឋានជនរងគ្រោះ ដើម្បីយកលុយ តែពេលទៅដល់ជនរងគ្រោះ មិនបានឲ្យលុយទៅជនសង្ស័យនោះទេ ពោលគឺបានប្តឹងសមត្ថកិច្ចនគរបាលស្រុកអង្គស្នួល ឲ្យជួយអន្តរាគមន៍ចាប់ខ្លួន ជនសង្ស័យទាំង២នាក់ ដើម្បីចាត់ការតាមច្បាប់។

សូមបញ្ជាក់ថា កន្លងមកសង្ស័យទាំង២នាក់ ធ្លាប់ប្រព្រឹត្តបទល្មើសក្លែងបន្លំជានគរបាលជាតិ ដើម្បីជំរិតទារប្រាក់ ពីជនរងគ្រោះអស់ជាច្រើននាក់ រួចមកហើយ សកម្មភាពនេះប្រព្រឹត្តនៅរាជធានីភ្នំពេញ, ខេត្តកំពង់ស្ពឺ, ខេត្តព្រះសីហនុ និងស្រុកអង្គស្នួល ខេត្តកណ្តាល ហើយសកម្មភាពនៅស្រុកអង្គស្នួល ធ្វើបានសម្រេចមួយដង ជំរិតទារលុយពីអ្នកកត់កន្ទុយលេខ នៅផ្សារថ្នល់ទទឹង បានមួយចំនួន ហើយលើកទី២នេះ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង។

ក្រោយឃាត់ខ្លួនជនសង្ស័យបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំបន្ថែម កសាងសំណុំរឿងចាត់ការបន្ដ៕