(ពោធិ៍សាត់)៖ ពលរដ្ឋខ្មែរម្នាក់ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន ​នៅល្ងាចថ្ងៃទី​៧ ខែធ្នូ ឆ្នាំ២០១៦ ខណៈដែលពលរដ្ឋខ្មែររូបនោះ បានលួចឆ្លងដែនកាប់ឈើ ក្រញូងខុសច្បាប់ ក្នុងទឹកដីខេត្តត្រាត ត្រង់និយាមការ WGS84TU (50021, 42059) ចម្ងាយពីព្រំដែន ប្រមាណ៣គីឡូម៉ែត្រ ហើយត្រូវបានភាគីថៃ សម្រេចអនុវត្តន៍ច្បាប់ នៅក្នុងប្រទេសថៃសិន។

លោក ជា ជួន មេបញ្ជាការរងវរសេនាតូចការពារព្រំដែនគោកលេខ៨២៥ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ពលរដ្ឋខ្មែរ ដែលអាជ្ញាធរថៃចាប់ខ្លួននោះ មានឈ្មោះ កែវ ស អាយុ៥៤ឆ្នាំ មានទីកន្លែងកំណើតក្នុងភូមិកោះខ្លូត ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោកមេបញ្ជាការរងបានបន្តថា ក្រោយពេលចាប់ខ្លួនពលរដ្ឋខ្មែរម្នាក់នោះ នាព្រឹកថ្ងៃទី​៨ ខែធ្នូ ឆ្នាំ២០១៦នេះ ខាងទំនាក់ទំនងថៃ បានឡើងមកទំនាក់ទំនងជាមួយវរ៨២៥ តាមច្រក៥៦ ហើយវររបស់លោក ក៏បានចុះទៅទំនាក់ទំនងផ្ទាល់ដល់កងរយ៥៣១ របស់ភាគីថៃ ដែលក្នុងនោះមានការចូលរួមពី មេបញ្ជាការស៊ុបខេត្តត្រាត មេបញ្ជាការវរសេនាតូចលេខ៣ ទាហ៊ានឈុតខ្មៅ ប៉ូលីសព្រំដែន និងមេព្រៃថៃ ព្រមទាំងអ្នកសារព័ត៌មាន ដើម្បីចូលរួមសួរចម្លើយ និងយកព័ត៌មានពីជនសង្ស័យ។

ក្រោយការសួរចម្លើយចប់សព្វគ្រប់រួចមក ​អាជ្ញាធរកម្ពុជា បានស្នើសុំជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់ក្នុងប្រទេសកម្ពុជាដែរ ក៏ប៉ុន្តែខាងភាគីថៃមិនព្រម ពោលគឺគេសម្រេចអនុវត្តន៍ច្បាប់នៅក្នុងប្រទេសគេសិន។

គួរបញ្ជាក់ថាពលរដ្ឋឈ្មោះ កែ ស បានមកស្នាក់នៅបណ្តោះអាសន្ននៅក្នុងវត្តថ្មដា ខ្លះស្នាក់នៅតាមផ្ទះប្រជាពលរដ្ឋ ក្រោយមកឈ្មោះ យុទ្ធ បានហៅទៅរស់នៅជាមួយនឹងបក្សពួករបស់គេ ២នាក់ទៀត ដើម្បីធ្វើសកម្មភាពល្មើសច្បាប់ទាំងនោះ។ ចំពោះវត្ថុតាងដែលដកហូតបាន រួមមាន៖ រណាដៃមួយខ្សែ និងឈើក្រញូ ៤កំណាត់ធំ៕​