(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦នេះ បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់សុពលភាព ទិដ្ឋាការសម្រាប់អ្នកវិនិយោគ និងភ្ញៀវទេសចរជប៉ុន មានរយៈពេល៣ឆ្នាំ ដូចទៅនឹងការផ្តល់ទិដ្ឋាការជូនជនជាតិចិន និងកូរ៉េខាងត្បូងដែរ។

ការប្រកាសបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឡើងនៅក្នុងឱកាសចូលរួមពិធីអបអរសាទរ ដល់ខួប៥ឆ្នាំ នៃការដាក់ឱ្យដំណើរ ការក្រុមហ៊ុន មីនីបៀ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦នេះ។ ក្រុមហ៊ុននេះជាក្រុមហ៊ុនផលិតម៉ូទ័រ ដែលវិនិយោគដោយ វិនិយោគិនជប៉ុន។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ថ្ងៃមុនយើងបានសម្រេចឱ្យវិនិយោគិនចិន និងកូរ៉េ ៣ឆ្នាំ ឥឡូវអ្នកវិនិយោគជប៉ុនដែលកាន់លិខិតឆ្លងដែនធម្មតា ក៏ត្រូវទទួល បានពិពិធកម្មដូចគ្នា។ ជប៉ុនធ្វើមុនគេ ប៉ុន្តែមានតែ១ឆ្នាំ ឬ២ឆ្នាំ ឥឡូវត្រូវបន្ថែម៣ឆ្នាំដូចគ្នា»

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសផ្តល់ការអនុគ្រោះដល់អ្នកវិនិយោគគិនរបស់ចិន និងកូរ៉េខាងត្បូង រយៈពេល៣ឆ្នាំ លើទិដ្ឋាការចំពោះអ្នកកាន់លិខិត ឆ្លងដែនធម្មតា ដោយមិនមានការបង់ថ្លៃទិដ្ឋាការច្រើនដងនោះទេ (បង់តែម្តង៣ឆ្នាំ)។ ការសម្រេចនេះ ធ្វើឡើងតាមសំណើរបស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន៕