(ភ្នំពេញ)៖ បងប្អូនខ្មែរ-ឥស្លាមជាង៥០នាក់ បានបង្ហាញវត្តមាននៅមជ្ឈមណ្ឌលផ្ទះមេត្តា ដើម្បីដាក់បង្ហាញជូននូវពិព័រណ៍រូបភាពខ្សែវីដេអូ មួយចំនួន ដែលនិយាយពីទំនៀមទំលាប់ វប្បធម៌ ប្រពៃណី សាសនា និងការរស់នៅរបស់ពួកគេ។

ក្នុងចំណោមខ្សែវីដេអូទាំងនោះ ក៏មានខ្សែភាពយន្តឯកសារខ្លីមួយដែលមានការទាក់ទាញយ៉ាងខ្លាំងផងដែរ មានចំណងជើងថា «អ្នកតស៊ូចាមនៅស្វាយឃ្លាំង»។ ខ្សែភាពយន្តនេះចាប់បញ្ចាំងជាមួយការតាំងពិព័រណ៍ពីថ្ងៃទី៧ ខែធ្នូ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦នេះ។

ការបង្ហាញពិព័រណ៍នេះ ក៏មានការចូលរួមពីទស្សនិកជនជាជនបរទេស ជាច្រើនផងដែរដោយជនបរទេសមួយក្រុម បានសំរាំងយក នូវសកម្មភាពជាច្រើនរបស់បងប្អូនជនជាតិឥស្លាម មកបង្ហាញជូនមានដូចជា៖ ពិធីរៀបអាពាហ៍ពិពាហ៍ ពិធីបុណ្យអារក្ស ទំនៀមទំលាប់ នៃការថ្វាយបង្គំ និងពិធីជាច្រើនទៀត។

ប្រជាពលរដ្ឋខ្មែរឥស្លាមមួយចំនួនដែលបានមកកាន់ ផ្ទះមេត្តានេះ ក៏ធ្លាប់ឆ្លងកាត់ក្នុងរបបខ្មែរក្រហមផងដែរ។

«ផ្ទះមេត្តា» បានសម្ពោធពហុប្រព័ន្ធផ្សព្វផ្សាយ «របបប្រល័យពូជសាសន៍ខ្មែរក្រហម និងជាជាតិចាម» ដោយមានការសហការជាមួយ ស្ថានទូតស្វីស ប្រចាំទីក្រុងបាងកក និងមូលនិធិ Heinrich-Boell។

គម្រោងនេះត្រូវបានដាក់ស្នើជាគម្រោងសំណងផ្លូវច្បាប់ ទៅកាន់សាលាក្តីខ្មែរក្រហម និងបច្ចុប្បន្ន កំពុងត្រូវបានដាក់ដាក់បញ្ចូល ទៅក្នុងបញ្ជីនៃ «ការធានាមិនឲ្យ កើតឡើងវិញ» ក្រោមកិច្ចសហការជាមួយអង្គការគាំពារជនរងគ្រោះ និងតំណាងសហមេធាវី នាំមុខដើមបណ្តឹងរដ្ឋប្បវេណី នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)។

សូមបញ្ជាក់ថា អ្នកគោរពសាសនាឥស្លាម មានចំនួនតិចជាងមួយភាគរយ នៃចំនួនប្រជាជនកម្ពុជា ដែលគោរពព្រះពុទ្ធសាសនា។ ប្រមាណជា៨០ភាគរយ នៃប្រជាជនមូស្លីម របស់កម្ពុជាស្ថិតនៅក្នុងក្រុមជនជាតិភាគតិចចាម។ ក្នុងសម័យខ្មែរក្រហម ជនជាតិចាម ត្រូវបានសម្លាប់យ៉ាងរង្គាល ក្នុងអត្រាមួយដែលជិតស្មើនឹងទ្វេដង ឬបីដង នៃការសម្លាប់ ប្រជាជនខ្មែរទូទៅ។

 បញ្ញាវន្តជនជាតិឥស្លាមម្នាក់ឈ្មោះ អ៊ីសា អូស្មាន់ បានសរសេរ នៅក្នុងសៀវភៅរបស់លោក «Oukoubah» (មជ្ឈមណ្ឌលឯកសារកម្ពុជា) ថា ជនជាតិឥស្លាមមានចំនួន១០ភាគរយ នៃប្រជាជនកម្ពុជាសរុបមុនឆ្នាំ១៩៧៥ ប្រមាណជា៧ម៉ឺននាក់ ប៉ុន្តែចំនួននោះបានធ្លាក់ចុះ នៅសល់ត្រឹមតែ២ម៉ឺននាក់ បន្ទាប់ពីដួលរលំនៃរបបនោះ ក្នុងឆ្នាំ១៩៧៩៕