(ព្រៃវែង)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦នេះ បានអញ្ជើញ សម្ភោធដាក់ឲ្យប្រើប្រាស់អគារ១ខ្នង កម្ពស់២ជាន់ មាន១០បន្ទប់ និងសមិទ្ធផលនានា ក្នុងវិទ្យាល័យ «ជាច» ដែលជាអំណោយ របស់សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកស្រី ញ៉ែម សឿន ជាស៊ីម ស្ថិតក្នុងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។

លោក ប្រាក់ សុវណ្ណ អភិបាលស្រុកកំចាយមារ បានឲ្យដឹងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា វិស័យអប់រំមានការរីកចម្រើនជាបន្តបន្ទាប់ ដែលត្រូវបានយកចិត្តទុកដាក់យ៉ាងសកម្ម ក្នុងកសាងសាលារៀន ដើម្បីជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស នៅគ្រប់ភូមិសិក្សា ចាប់ពីទីក្រុងរហូតដល់ទីជនបទនានា។

លោក ប្រាក់ សុវណ្ណ បានបន្តថា បច្ចុប្បន្នក្នុងស្រុកកំចាយមារ មានសាលាបឋមសិក្សាចំនួន ៣៩កន្លែង, មធ្យមសិក្សាមានចំនួន ៩កន្លែង, អនុវិទ្យាល័យ ២កន្លែង, វិទ្យាល័យមានចំនួន ៧កន្លែង មានអាគារសរុបទាំងអស់ចំនួន ១២១ខ្នង ស្មើនឹង ៥៥៨បន្ទប់ និងមានសាកល វិទ្យាល័យ ១កន្លែង គឺសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា «ការដាក់សម្ពោធឲ្យប្រើប្រាស់នូវអាគារ និងសមិទ្ធផលនានានេះ ជាអំណោយរបស់ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកស្រី ញ៉ែម សឿនជាស៊ីម ដើម្បីទុកសម្រាប់កូនចៅជំនាន់ក្រោយ បានមកសិក្សា ក្រេបជញ្ជក់យកចំណេះដឹង និងជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់បន្តជួយអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើន បន្តទៀត»

នៅក្នុងឱកាសនោះ សម្តេចក្រឡាហោម បានលើកឡើងថា រាជរដ្ឋាភិបាលបានផ្ទេរទាំងសិទ្ធិអំណាច ថវិកានិងធនធានមនុស្ស មកថ្នាក់ក្រោមជាតិ សម្រាប់ធ្វើការអភិវឌ្ឍនៅមូលដ្ឋានផ្ទាល់ ឲ្យមានការរីកច្រើនខ្លាំងឡើង។

សម្តេចក្រឡាហោម បានបន្តថា បច្ចុប្បន្នប្រាក់ខែមេភូមិ ជំទប់ឃុំ និងមេឃុំ មានការកើនឡើងជាលំដាប់ផងដែរ នេះបង្ហាញឲ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ដល់ជីវភាពមន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ គ្រប់ពេលវេលា។

ឆ្លើយតបតាមសំណូមពររបស់នាយកវិទ្យាល័យ និងមេឃុំជាច សម្តេចក្រឡាហោម ស ខេង បានសន្យាថា នឹងខិតខំដោះស្រាយនូវ សូមណូមពរ ក្នុងការសាងសង់សាលាឃុំជាច សាលាបឋមសិក្សាជាច ២ខ្នង ១០បន្ទប់ និងសាងសង់បណ្ណាល័យ នៅវិទ្យាល័យជាច នេះផងដែរ។

សម្តេចក្រឡាហោម ក៏បានថ្លែងនូវការកោតសរសើរ ចំពោះការដឹកនាំរបស់លោក ជា សុមេធី អភិបាលខេត្តព្រៃវែង ដែលបានដឹកនាំ ខេត្តអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថភាព បានយ៉ាងល្អប្រសើរ  ធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងសុខសន្តិភាព សុខដុមរមនា និងមានជីវភាពល្អប្រសើរ ពីមួយឆ្នាំទៅមួយឆ្នាំ៕