(រតនគិរី)៖ មន្រ្តីកាំកុងត្រូលសាខាខេត្តរតនគិរី បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ អាជ្ញាធរដែន ដីព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦នេះ បានចុះត្រួតពិនិត្យចំណីអាហារផលិតផលកំប៉ុង និងគ្រឿងសមុទ្រ ដែលដាក់លក់នៅក្នុងផ្សារបរកែវ ផ្សារអូយ៉ាដាវ និងផ្សារភូមិប៉ក់ញ៉ៃ ហើយរកឃើញទំនិញខូចគុណភាពជិត៣០គីឡូក្រាម ដកហូតយកមកកម្ទេចចោលនៅពេលខាងមុខ។

មន្រ្តីសាខាកាំកុងត្រូលខេត្តរនតគិរី បានឲ្យដឹងថា ការចុះត្រួតពិនិត្យទំនិញខាងលើនេះ គឺពិនិត្យ ទៅលើផលិតផលវេចខ្ចប់ជាគ្រឿងឧបភោគ បរិភោគ ដែលបាននឹងកំពុងដាក់តាំងលក់ ដោយបានធ្វើតេស្តបឋម (Test Kit) ទៅលើអំបិល តើមានអ៊ីយូតរឺអត់ និង ម្ហូបអាហារមួយចំនួន រួមមាន សសៃគុយទាវ សណ្តែកបណ្តុះ សរសៃមីលឿង ស្ពៃជ្រក់ បង្គារ មឹក ជាដើម គឺទទួលបានលទ្ធផលល្អ ប៉ុន្តែមន្ត្រីកាំកុងត្រូល បានរកឃើញផលិតផលខ្លះហួសកាលបរិច្ឆេទ ត្រូវបានដកហូតយកកំទេចចោល។

ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ដឹងអំពីផលប៉ះពាល់ ដល់សុខភាព ដែលបណ្តាលមកពីបរិភោគអាហារ ហួសកាលបរិច្ឆេទប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមីហាមឃាត់ចូលក្នុងម្ហូបអាហារ។

មន្រ្តីកាំកុងត្រូលបានឲ្យដឹងបន្តថា ក្នុងការចុះមកត្រួតទំនិញ នៅតាមផ្សារ និងតាមផ្ទះនេះ ក្នុងផ្សារទាំងបីនេះ ក៏មានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផងដែរ ដោយពួកគាត់យល់ដឹងច្បាស់ពីសុវត្ថិភាពម្ហូបអាហារ។

លោកក៏បានអំពាវនាវ ដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរ និងចែកចាយតែទំនិញ ផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់៕