(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលការិយាល័យគ្រឿងញៀន សហការជាមូយកម្លាំងនគរបាលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការបង្ក្រាប និងចាប់បានជនសង្ស័យចែកចាយ សេពគ្រឿងញៀន ប្រុសស្រីចំនួន៧នាក់ កាលពីល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ នៅភូមិសាស្ត្រសាលាបឋមសិក្សារសែសិន ស្ថិតនៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

លោក ចាប សុផាឬទ្ធិ ស្នងការរងនគរបាលខេត្ត ទទួលបន្ទុកការិយាល័យគ្រឿងញៀន បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី៨ ខែធ្នូនេះថា ក្រោយពីមានការចង្អុលបង្ហាញ ដឹកនាំកម្លាំងផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគបាលខេត្ត និងសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា អមសាលាដំខេត្ត កម្លាំងរបស់លោក បានឈានមកដល់ការបង្ក្រាបបានសម្រេចតែម្តង។

លោកបន្តថា ប្រតិបត្តិការបង្ក្រាបសមត្ថកិច្ចជំនាញយើងដកហូតបានវត្ថុតាង រួមមាន៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីនអាយ ចំនួន១កញ្ចប់ស្មើរនិង២.០០ក្រាម,ទូរស័ព្ទដៃចំនួន៥គ្រឿង, គំរបដបសំរាប់ប្រើប្រាស់គ្រឿងញៀនចំនូន១, សំបកទែរម៉ូម៉ែត្រ ១, បំពង់បឺត ចំនួន៥, កាបូបពណ៌ស្លាទុំចំនួន១ និងសំបកឈើគូស១។

លោកបានបន្ថែមថា ជនសង្ស័យ ទី១ ឈ្មោះ សោម ឧត្តម ហៅណា ភេទប្រុស អាយុ២២ឆ្នាំ (ជួញដូរ), ទី២ ឈ្មោះ លឹម រដ្ឋា ហៅចេក ភេទប្រុស អាយុ៣២ឆ្នាំ (ប្រើប្រាស់), ទី៣ ឈ្មោះ មុត បូរី ភេទប្រុស ៣០ឆ្នាំ (ជួញដូរ និងប្រើប្រាស់), ទី៤ ឈ្មោះ ផល សីហា ភេទប្រុស អាយុ ២១ឆ្នាំ (ជួញដូរ និងប្រើប្រាស់), ទី៥ ឈ្មោះ សិទ្ធិ ស្រីលីន ភេទស្រី អាយុ១៧ឆ្នាំ (ប្រើប្រាស់), ទី៦ ឈ្មោះ លឹម ឆានី ភេទប្រុស អាយុ២០ឆ្នាំ (ប្រើប្រាស់), និងទី៧ ឈ្មោះ ស៊ន យីម ហៅអេ ភេទប្រុស អាយុ ២០ឆ្នាំ (ប្រើប្រាស់)។

ជនសង្ស័យខាងលើនេះ រស់នៅក្នុងក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្ននេះ សមត្ថកិច្ចជំនាញកំពុងសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំងអស់ខាងលើ និងវត្ថុតាងទៅកាន់សាលាដំបូងខេត្តចាត់ការតាមនីតិធីច្បាប់៕