(មណ្ឌលគិរី)៖ ភេទទី៣ជនជាតិវៀតណាម ដែលបានធ្វើទារុណកម្មយ៉ាងឃោឃៅ លើកុមារាអាយុ២ឆ្នាំ កូនប្រជាពលរដ្ឋខ្មែរ នៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី និងត្រូវបានចាប់ខ្លួននៅទីក្រុងហូជីមីញ កាលពីយប់មិញនោះ នៅពេលនេះ ស្ថិតក្រោមការសួរនាំនៅកន្លែងនគរបាលវៀតណាម ក្នុងក្រុងហូជីមិញ និងត្រូវកាត់ទោសនៅប្រទេសវៀតណាមតែម្តង។ នេះបើយោងតាមលោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦នេះ។

លោកឧត្តមសេនីយ៍ផ្កាយ៣ ម៉ក ជីតូ បានឲ្យដឹងថា សមត្ថកិច្ចរបស់យើង បានបញ្ជូនឯកសារពាក់ព័ន្ធ ទៅភាគីវៀតណាមរួចហើយ រហូតពួកគេបានចាប់ខ្លួនជនសង្ស័យរូបនេះតែម្តង នៅទីក្រុងហូជីមីញ។

ប៉ុន្តែលោកឧត្តមសេនីយ៍បញ្ជាក់ថា ជននេះនឹងត្រូវកាត់ទោសនៅវៀតណាម ដោយយោងទៅលើច្បាប់អន្តរជាតិ។

លោកឧត្តមសេនីយ៍ បានបញ្ជាក់យ៉ាងដូច្នេះថា «យោងតាមច្បាប់អន្តរជាតិ យើងមិនអាចយកមកកាត់ទោស នៅប្រទេសយើងបានទេ គឺកាត់ទោសនៅវៀតណាម បើទោះបីធ្វើខុសនៅលើដីយើងក៏ដោយ។ ដូចកម្ពុជាយើងក៏មិនអាចចាប់ពលរដ្ឋយើង ប្រគល់ឲ្យគេបានដែរ ទោះបីធ្វើខុសនៅប្រទេសគេ គឺយើងកាត់សនៅប្រទេសយើង»។​

លោកឧត្តមសេនីយ៍ក៏បានបញ្ជាក់យ៉ាងខ្លីផងដែរថា កាត់ទោសនៅវៀតណាម នឹងមានសភាពធ្ងន់ធ្ងរណាស់។

ស្នងការខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ត្រី តូច យ៉ុន បានឲ្យដឹងថា ជនសង្ស័យ និបក្ខពួកដែលជនជាតិហូឡង់ ជាម្ចាស់ចម្ការកាកាវ ក៏អាចសង្ស័យជាប់ពាក់ព័ន្ធនឹងអំពើពេស្សាចារ និងគ្នាផងដែរ ដោយសារតែក្រោយពេលចាប់ខ្លួន កម្លាំងសមត្ថកិច្ចបានដកហូតឧបករណ៍ឆក់ លិង្គសិប្បនិម្មិត និងឧបករណ៍ជក់គ្រឿងញៀនផងដែរ។

ជនភេទទី៣ដែលបានធ្វើទារុណកម្មយ៉ាងឃោរឃៅទៅលើកុមារ២ឆ្នាំនោះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ឈ្មោះ Doung tanh ជាជនជាតិវៀតណាម។ ចំណែកឯក្មេងប្រុសរងគ្រោះ មានឈ្មោះ សូរ សៅ ជាកូនជនជាតិខ្មែរ រស់នៅភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលម្តាយឪពុកជាកម្មករចាំចំការកាកាវ ឲ្យជនជាតិហូឡង់ ស្ថិតនៅភូមិឃុំខាងលើ។

ហេតុការណ៍ធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរទៅលើកុមារកម្ពុជានេះ ត្រូវបានសមត្ថកិច្ចប្រាប់ថា បានកើតឡើងតាំងពីជាង២ខែមុនមកម្ល៉េះ នៅភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ប៉ុន្តែទើបតែធ្លាយនៅប៉ុន្មានថ្ងៃនេះ បន្ទាប់ពីមានការបញ្ចេញ Video នៃសកម្មភាពប្រើអំពើហិង្សាទៅលើក្មេងប្រុសដ៏កំសត់រូបនេះ តាមបណ្តាញសង្គម Facebook ធ្វើឲ្យប្រជាពលរដ្ឋខ្មែរដែលលេង Facebook ចេញមកថ្កោលទោលយ៉ាងខ្លាំងៗ និងសុំឲ្យសមត្ថកិច្ចពាក់ព័ន្ធ តាមចាប់ជនដៃដល់រូបនេះផង។ ជាមួយគ្នានេះ ក៏មានអ្នកលេង Facebook សំរក់ទឹកភ្នែកសម្តែងការអាណិតអាសូរ យ៉ាងពន់ពេកដល់ក្មេងប្រុសរងគ្រោះ ធ្វើឲ្យមានការ Share និងមើល វីដេអូមួយនេះរាប់ម៉ឺននាក់ឯណោះ។