(កំពង់ស្ពឺ)៖ បន្ទាប់ពីឃើញមាន Facebook ដែលពណ៌នាថា ព្រះសង្ឃក្នុងវត្តមង្គលបព៌ត្រ ហៅវត្តក្តុល ស្ថិតក្នុងភូមិអន្លង់ជុំ ឃុំផុង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ខ្វះខាតចង្ហាន់អស់ជាច្រើនថ្ងៃរួចមក នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦នេះ ក្រុមយុវជនកម្ពុជាក្រុម១៥៧ ដឹកនាំដោយលោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ បាននាំយកគ្រឿងឧបភោគ-បរិភោគមួយចំនួនធំ ទៅប្រគេនព្រះសង្ឃក្នុងវត្តខាងលើភ្លាមៗ។

លោក ម៉ឹង ពន្លក បានឲ្យដឹងថា ដោយទទួលបានព័ត៌មាន នៅលើបណ្តាញសង្គម ដែលពណ៌នាថា ព្រះសង្ឃគង់នៅវត្តក្តុល ជួបការខ្វះខាតចង្ហាន់ឆាន់ភ្លាម ក្រុមការងារចលនាយុវជនកម្ពុជាក្រុម១៥៧ បានចុះពិនិត្យរកការពិត ទើបដឹងថា ព្រះសង្ឃខាងលើ ពិតជាមានការខ្វះខាតចង្ហាន់ប្រាកដមែន ដោយមានព្រះសង្ឃចំនួន៥០អង្គ ដែលនិមន្តមកសិស្សានៅវត្តនេះ។

លោកប្រធានចលនាយុវជនបានបន្តថា ដោយមើលឃើញពីទុក្ខលំបាករបស់ព្រះសង្ឃ ទើបលោកស្រី ហ៊ុន ម៉ាណា អគ្គនាយិការនៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សបាយ័ន បានចូលរួមចំណែកប្រគេនគ្រឿងទេយ្យទានមួយចំនួន តាមរយៈក្រុមយុវជន១៥៧ មានទឹកដោះគោខាប់ ៨កេស សាប៊ូដុសខ្លួន ៤កេសធំ។ ដោយឡែក ចលនាយុវជនកម្ពុជាក្រុម១៥៧ ក៏បាននាំយកអង្ករចំនួន១តោន ថវិកា២លានរៀល មី៥០កេស ប៊ីចេង២៥គីឡូ រួមទាំងគ្រឿងឧបភោគ-បរិភោគជាច្រើនមុខថែមទៀត។

លោក ម៉ឹង ពន្លក ក៏បានសន្យាជួយឧបត្ថម្ភបន្ថែម នូវសម្ភាររោងបាយ និងគ្រឿងបន្សុតទឹក ប្រគេនជូនព្រះសង្ឃ តាមរយៈក្រុមការងារនៅពេលក្រោយ បន្ទាប់ពីលោកបានចុះពិនិត្យ និងឃើញថាមានភាពខ្វះខាតច្រើន៕