(កំពង់ឆ្នាំង)៖ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម ក្រោយពីទទួលដំណឹងភ្លាមៗថា មានពលរដ្ឋនៅស្រុកទឹកផុស ៨នាក់បានស្លាប់ និងជាច្រើនទៀតកំពុងជួយសង្គ្រោះ ដោយសារពុលស្រាស នៅវេលាម៉ោង១១៖៤០នាទីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦នេះ បានចាត់ឲ្យមន្ដ្រីជំនាញ ចុះទៅកន្លែងកើតហេតុភ្លាម ដើម្បីយកសំណាកស្រា-ស នោះ មកពិនិត្យរកសារធាតុដែលបណ្ដាលឲ្យពលរដ្ឋពុល។ នេះបើតាមការឲ្យដឹងពី លោក លឿង រដ្ឋា អគ្គនាយករងកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម ប្រាប់អង្គភាព Fresh News នៅមុននេះបន្តិច។

លោក លឿង រដ្ឋា បានបញ្ជាក់ថា «យើងបានបញ្ជូនមន្រ្តីជំនាញរបស់យើង ចុះទៅយកសំណាកស្រា-ស ហើយដើម្បីមកពិនិត្យនៅមន្ទីរពិសោធន៍ ដើម្បីរកឲ្យឃើញពីសារធាតុ ដែលបណ្តាលឲ្យមានករណីនេះកើតឡើង និងលទ្ធផលនឹងចេញនាពេលឆាប់ៗនេះ»

សូមបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅតំបន់ក្ដុល ឃុំក្រាំងស្គារ ស្រុកទឹកផុស បានឲ្យដឹងនៅព្រឹកថ្ងៃ៨ ខែធ្នូ ឆ្នាំ២០១៦នេះថា ពលរដ្ឋក្នុងភូមិដំណាក់អំពិល និងភូមិក្ដុល បានដេកស្លាប់ជាបន្តបន្ទាប់ ប៉ុន្មានថ្ងៃមកនេះចំនួន៨នាក់មកហើយ ដោយសង្ស័យថា ពុលស្រាស ហើយនៅមានជាច្រើនទៀត ដែលបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរបង្អែកខេត្តកំពង់ឆ្នាំង។

ប្រជាពលរដ្ឋបានបន្ដទៀតថា នៅក្នុងមន្ទីរពេទ្យខេត្ត ក្រុមគ្រូពេទ្យកំពុងធ្វើការជួយសង្គ្រោះបន្ទាន់ប្រជាពលរដ្ឋ ចំនួន១០នាក់ ដែលគេសង្ស័យថា បានពុលស្រាស ក្នុងនោះមានស្ថានភាពធ្ងន់មានចំនួន២នាក់ និង៨នាក់ទៀត មានស្ថានភាពស្រាល។

ជនរងគ្រោះ បានបញ្ជាក់ថា ប្រជាពលរដ្ឋបានពុលបន្ទាប់ពីពិសារស្រាស ក្នុងពិធីបុណ្យសព៧ថ្ងៃ របស់សាច់ញាតិក្នុងភូមិ ដោយមានអ្នកខ្លះហូបតិច និងអ្នកខ្លះហូបច្រើន ស្រាប់តែយប់មិញ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ មានអាការៈ រាករូស ក្អួត ថប់ដង្ហើប និងស្រវាំងភ្នែក ហើយក្រោយមកអ្នកស្រុក បានដឹកជញ្ជូនមកកាន់មន្ទីពេទ្យទាំងយប់ភ្លាមៗ។

ករណីខាងលើនេះ ប្រជាពលរដ្ឋសង្យ័យថា អ្នកស្លាប់កើតឡើងនៅក្នុងភូមិដំណាក់អំពិល និងភូមិក្ដុល ឃុំក្រាំស្គារ ស្រុកទឹកផុស បណ្ដាលមកពីពុលស្រាស៕