(ភ្នំពេញ)៖ តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ ​នៅរសៀលថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៦​ម្សិលមិញនេះ បាន​សម្រេច​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​ឧកញ៉ា​ម្នាក់ ​ពាក់​ព​ន្ធ័​ករណី​ស៊ីដាច់​ប្រាក់​ក្រុមហ៊ុន ​មួយចំនួន​៩០​ម៉ឺន​ដុល្លារ​អា​មេ​រិ​កនេះ បើយោងតាមមន្រ្តីសាលាដំបូង​រាជធានី​ភ្នំពេញឲ្យដឹង នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦។ 

មន្ត្រីតុលាការក្រុងភ្នំពេញបានអោយដឹងថា គិតត្រឹមព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ ឧកញ៉ា ឆរបោកម្នាក់នេះត្រូវបានបញ្ជូនទៅដល់ចៅក្រមស៊ើបសួរហើយ។ លោក ស៊ឺ សុវណ្ណនី ជាអ្នកកាន់សំណុំរឿងនេះ ចំណែកចៅក្រមស៊ីើបសួរ លោក ចេង សុខណា។

មន្រ្តីតុលាការបាន​ឲ្យ​ដឹង​ថា ឧកញ៉ា​ដែលត្រូវបានចាប់ខ្លួនរូប​នោះ​ឈ្មោះ ប៊ុ​ន ស៊ី​ថា ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ នៅរាជធានីភ្នំពេញ។

សូមជំរាបថា នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែធ្នូម្សិលមិញនេះ មាន​​មេធាវី​ម្នាក់​បាន​នាំ​កូនក្តី​គឺ​លោក​ឧកញ៉ា ប៊ុ​ន ស៊ី​ថា មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចូល​ឆ្លើយ​បំភ្លឺ​លើ​បណ្តឹង​មួយ​ពី​បទឆបោក​។ វេលា​ម៉ោង​ប្រមាណ​១១​៖​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល​នោះ គេ​បានឃើញ​លោក​មេធាវី​មុខស្ងួត​ដើរ​ចេញពី​សាលាដំបូង​​ ទៅ​រក​រថយន្ត​ជិះ​ត្រឡប់ទៅ​វិញ ស្រប​ពេល​នោះ​តំណាង​អយ្យការ​បាន​ទាក់ទង​សមត្ថកិច្ច​ ឲ្យ​មក​ចាំ​ឃាត់​លោក​ឧកញ៉ា​នោះ​រួច​ហើយ​ដែរ​។ កម្លាំង​សមត្ថកិច្ច​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ ក្រសួងមហាផ្ទៃ​ដឹកនាំ​បាន​ធ្វើការ​ឃាត់ខ្លួន​ឧកញ៉ា ប៊ុ​ន ស៊ី​ថា ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ឆបោក​នោះ។

ដើមចម​បណ្តាល​ឲ្យ​មានការ​ឃាត់ខ្លួន​ លោក​ឧកញ៉ា​នោះ ផ្តើម​ចេញពី​លោក​ឧកញ៉ា ប៊ុ​ន ស៊ី​ថា ទទួល​បាន​ (​ស​.​ជ​.​ណ​)​ មួយ​ពី​គណ​:​រដ្ឋមន្ត្រី ឲ្យ​ធ្វើការ​ដោះ​ដូរ​ដី​រដ្ឋ​មួយ​កន្លែង ​របស់​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ការិយាល័យ​ប្រឆាំង​គ្រឿងញៀន និង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​និ​តិ​ជន​រាជធានី​ភ្នំពេញ ដែល​ការិយាល័យ​ទាំង​៣​នេះ​នៅ​ក្នុង​បរិវេណ​តែ​មួយ ។ ពេល​ឧកញ៉ា​បាន ​(​ស​.​ជ​.​ណ​) ហើយ​ឧកញ៉ា​បាន​លក់ ​(​ស​.​ជ​.​ណ​)​ នោះ​ទៅ​ឲ្យ​ក្រុមហ៊ុន​មួយ​ក្នុង​តម្លៃ​ទឹកប្រាក់ ​៩០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។

ពេល​លក់ ​(​ស​.​ជ​.​ណ​) ​ទៅ​ឲ្យ​ក្រុមហ៊ុន​នោះ​បាន​ទទួល​ប្រាក់​រួច​ហើយ តែ ​(​ស​.​ជ​.​ណ​)​ ទំនង​មិន​ទាន់​បាន​ប្រគល់​ឲ្យ​គេ​ទេ ក្រោយមក​ក្រុមហ៊ុន​មួយ​នោះ​ទាមទារ​យក​ (​ស​.​ជ​.​ណ​) ក៏​លេចឮ​ព័ត៌មាន​ថា​ លោក​ឧកញ៉ា ប៊ុ​ន ស៊ី​ថា យក​ទៅ​ដាក់បញ្ចាំ​បាត់​ក្នុង​ទឹកប្រាក់​ជាង​១​លាន​ដុល្លារ​អា​មេ​រិ​ក ត្រង់​ចំណុច​នេះ​ហើយ​បានជា​ក្រុមហ៊ុន​នោះ​ប្តឹង​លោក​ឧកញ៉ា​៕