(បន្ទាយមានជ័យ)៖ យុវជនម្នាក់ជិះម៉ូតូយ៉ាងលឿនមិនបានប្រុងប្រយ័ត្ន ក្នុងស្ថានភាពផ្លូវយប់ងងឹង​មិនដឹងថាផ្លូវខាងមុខ​វាងស្ពានថ្ម ដួលបោកក្បាល​ស្លាប់ ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍នេះ នៅវេលាម៉ោង​៨៖៣០នាទីយប់ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ នៅភូមិបត់ត្រង់ធំខាលិច ឃុំបត់ត្រង់ ស្រុកមង្គុលបូរី ខេត្តបន្ទាយមានជ័យ លុះព្រឹកថ្ងៃទី៦ ខែធ្នូ ទើបប្រជាពលរដ្ឋប្រទះឃើញសាកសព។

ប្រជាពលរដ្ឋបានប្រាប់ថា  កាលពីយប់កើតហេតុ គេឮសូរសម្លេងលាន់ប្រាវ ក៏ស្ងាត់ទៅ គាត់ក៏មិនបានចាប់អារម្មណ៍ជាករណីគ្រោះថ្នាក់ចរាចរណ៍ឡើយ លុះព្រឹកថ្ងៃទី៦ ខែធ្នូ ប្រទះឃើញមនុស្ស​ដេកស្លាប់ ទើបបានរាយការណ៍ប្រាប់សមត្ថកិច្ចចុះត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ។

ឮនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបត់ត្រង់ ប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ សេត ភេទ អាយុ២៣ឆ្នាំ ជាជាងផ្សារដែក មានស្រុកកំណើតនៅឯខេត្តបាត់ដំបង មកស្នាក់រស់នៅភូមិព្រែកជីក ឃុំបត់ត្រង់ ស្រុកមង្គលបូរី បើកបរម៉ូតូ ម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខ បន្ទាយមានជ័យ: 1G-9411។

បច្ចុប្បន្នសមត្ថកិច្ចជំនាញបានប្រគល់សាកសពរងគ្រោះ និងម៉ូតូប្រគល់ជូនក្រុមគ្រួសារសពទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ៕