(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បាន​ឲ្យដឹងថា មន្ដ្រីពន្ធនាគារមិនត្រូវធ្វើការស្នើសុំលើកលែងទោស ឬបន្ធូរបន្ថយទោស ចំពោះអ្នកប្រព្រឹត្តបទល្មើសគ្រឿងញៀននោះទេ ពោលត្រូវជាប់ទោសតាមច្បាប់ដែលបានកំណត់។

សម្ដេច ស ខេង បានបញ្ជាក់​ នៅក្នុង​សន្និបាតប៉ុស្ដិ៍នគរបាលទូទាំងប្រទេស លើកទី១ និងការអនុវត្តការងារនគរបាល និងសហគមន៍ នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦នេះថា «​ខាងពន្ធនាគារ មិនត្រូវស្នើលើកលែងទោស ឬបន្ថួរបន្ថយទោសចំពោះ អ្នកប្រព្រឹត្តបទល្មើសគ្រឿងញៀននោះទេ ហើយនៅក្នុងច្បាប់ក៏បានចែងច្បាស់ដែរថា អ្នកដែលប្រព្រឹត្តបទល្មើសគ្រឿងញៀន គឺមិនត្រូវបានយកមកពិនិត្យ ​លើកលែងទោស ឬបន្ធូរបន្ថយទោសនោះទេ ដាច់ខាតត្រូវតែជាប់គុកតាមឆ្នាំដែលកំណត់ ឬក៏ចាប់ពីប៉ុន្មានទៅជាប់គុកអស់មួយជីវិតតែម្ដង»

ជាមួយគ្នានោះដែរ សម្ដេចក្រឡាហោម បានសង្កត់ធ្ងន់​ថា ខាងស្ថាប័នតុលាការ ត្រូវតែអនុវត្តឲ្យម៉ឺងម៉ាត់ ចំពោះការអនុវត្តទោស អ្នកប្រព្រឹត្តបទល្មើសគ្រឿងញៀន ធ្វើយ៉ាងណាដើម្បីឲ្យអ្នកប្រព្រឹត្តរៀងចាល។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំក្រសួងយុត្ដិធម៌ បានធ្វើការស្នើ​ទៅព្រះមហាក្សត្រ ដើម្បីសុំធ្វើការបន្ធូរបន្ថយ និងលើកលែងទោស រយៈពេល៣ដងក្នុងឆ្នាំ ពោលគឺបុណ្យឆ្នាំខ្មែរប្រពៃណីជាតិ ពិសាខបូជា និងព្រះរាជពិធីបុណ្យអុំទូក៕