(ភ្នំពេញ)៖ នាឱកាសនៃពិធីសម្ពោធ ដាក់ដំណើរការជាផ្លូវការរោងចក្រផលិតភេសជ្ជៈ កម្ពុជា (កូកា-កូឡា) ក្រោមអធិបតីភាពសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ នៃកម្ពុជា នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ នេះ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែង​នៅក្នុងរបាយការណ៍​ របស់លោក​ជូន​សម្តេចតេជោ នាយករដ្ឋមន្ត្រី ថា​ បច្ចុប្បន្ន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា មានក្រុមហ៊ុនអាមេរិក​ចំនួន ០២ គឺ កូកា-កូឡា និង ប៉ិបស៊ី- កូឡា។ ទន្ទឹមនឹងនោះ ក៏មានរោងចក្រផលិត​​ ភេសជ្ជៈ​បរទេស និងក្នុងស្រុកជាច្រើនទៀត បាននិងកំពុង ដំណើរការផលិតកម្ម (រោងចក្រធុនធំ ចំនួន ២៧រោងចក្រ ក្នុងនោះនៅរាជាភ្នំពេញ មានចំនួន ៨រោងចក្រ ​និង​​រោងច​ក្រខ្នាតតូច និងមធ្យម ចំនួន​៦០៣​ មូលដ្ឋាន)។

ក្រុមហ៊ុនភេសជ្ជៈ​​កម្ពុជា បានចាប់ផ្តើមវិនិយោគបង្កើតឡើងវិញ នូវរោងចក្រ​ផលិតភេសជ្ជៈ (កូកា-កូឡា) នៅ​ឆ្នាំ១៩៩៣។ នៅកាល​​នោះ ក្រុមហ៊ុនបានវិនិយោគ​ទុន​ចំនួន ១០លានដុល្លារអាមេរិក ដើម្បីដំណើរការ​ផលិតកម្ម អាជីវកម្ម ផលិតផលទឹកក្រូច​ ចំនួន ០២មុខ គឺ Coca Cola និង Fanta (ជាប្រភេទដប) សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ដែលមានតែមួយខ្សែសង្វាក់ ផលិតកម្មប៉ុណ្ណោះ និងមានបុគ្គលិក-កម្មករ​ ចំនួន ១០០នាក់ មានទីតាំងស្ថិតនៅ អគារលេខ២៨៧ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ផ្តើមចេញពីកត្តាអំណោយផល នៃសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងស្ថិរភាព​​​​សង្គម​នៅទូទាំងប្រទេស ដែលជាផ្លែផ្កា​ដ៏ពិសិដ្ឋ​​ នៃនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេច​តេជោ​​នាយករដ្ឋមន្ត្រី បានធ្វើ​​ឲ្យកម្ពុជា​មាន​លទ្ធភាព និង​ឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ បានកាន់តែជឿនលឿន​ យ៉ាងឆាប់​រហ័សលើគ្រប់វិស័យ។ ផ្អែកលើស្ថានភាព អំណោយផលនេះ ក្រុមហ៊ុនបានធ្វើការវិនិយោគបន្ថែម ជាបន្តបន្ទាប់ ស្របទៅតាមកំណើនសេដ្ឋកិច្ច របស់កម្ពុជា ដោយនៅឆ្នាំ១៩៩៧ ក្រុមហ៊ុនបានពង្រីកបន្ថែម​ខ្សែសង្វាក់​ផលិតកម្ម​ ទឹកក្រូចកំប៉ុង ដោយបានបន្ថែមទុនវិនិយោគប្រមាណជា ១៥លានដុល្លារអាមេរិក ពលកម្ម​សរុប​កើនដល់ចំនួន ២០០នាក់។ នៅឆ្នាំ២០០៨ ក្រុមហ៊ុនក៏បានពង្រីកទុនវិនិយោគទ្វេដង បន្ថែមទៀត លើ​ដំណើរការ​​ផលិតកម្ម​ ដោយផលិតនូវមុខផលិតផលថ្មីទៀត ដូចជា ភេសជ្ជៈ Samurai, ភេសជ្ជៈរសជាតិ ទឹកដោះគោ ភេសជ្ជៈរសជាតិទឹកផ្លែឈើ ទឹកពិសាដប​ Dasani និង Aquarius ជាដើម។

ដោយពិនិត្យឃើញនូវសក្តានុពល នៃសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន ក្រុមហ៊ុនភេសជ្ជៈកម្ពុជា បាន​ចាប់យកឱកាសដែលកំពុងផ្តល់ភាព អនុគ្រោះដល់ការវិនិយោគ នៅកម្ពុជា ហើយបានសម្រេចចិត្ត ធ្វើការ​បណ្តាក់​ទុនវិនិយោគបន្ថែម​ចំនួន ១០០លានដុល្លារអាមេរិក ក្នុងការសាងសង់រោងចក្រថ្មី នៅទីនេះ លើផ្ទៃដី​ទំហំ​ ១២,៣ហិកតា ក្នុងនោះមានអគារផលិតកម្ម​ រោងចក្រ និងអគាររដ្ឋបាល ព្រមទាំងអគារផ្សេងៗ​ទៀត មាន ទំហំ​ ១៦.០០០ម២ ដែលបានសាងសង់ ក្នុង​រយៈពេល០១ឆ្នាំ​​។​ ខ្សែសង្វាក់ផលិតកម្មថ្មី ដែលបាន និង​កំពុង​ដំណើរការ ដោយប្រើប្រាស់បច្ចេកវិជ្ជាថ្មី ទំនើប​ទាន់សម័យ​នេះ មានសមត្ថភាពផលិតចំនួន ៥៤.០០០ដប ក្នុងមួយម៉ោង និងចំនួន ៦០.០០០កំប៉ុង ក្នុងមួយម៉ោង សម្រាប់​ការផ្គត់ផ្គង់​ផលិតផល ​ដល់​ទីផ្សារក្នុងស្រុក ឲ្យបាន​គ្រប់គ្រាន់ ​តាមតម្រូវការរបស់អតិថិជន ដែលចេះតែកើនឡើង និងបានបង្កើត​ការងារ​ចំនួន ៨១៧នាក់ (ស្រីចំនួន ៦១៧នាក់) ក្នុងនោះ បម្រើការ​ក្នុង​រោងចក្រ​ផ្ទាល់ មានចំនួន ១១៦នាក់។

ក្រៅពីការងារផលិតកម្ម អាជីវកម្ម ក្រុមហ៊ុននៅបានចូលរួមចំណែក ក្នុងការកសាង និងអភិវឌ្ឍន៍សង្គម ដូចជា បានផ្តល់អាហារូបករណ៍ដល់និសិ្សត សហព័ន្ធយុវជនកម្ពុជា ចំនួន ១០រូប ផ្តល់កង់ចំនួន ១០០គ្រឿង មួកសុវត្ថិភាពចំនួន ៥០០មួក ដល់សិស្សានុសិស្សនៅក្នុងខណ្ឌពោធិ៍សែនជ័យ​។ បន្ថែម​ពីលើនេះ ក្រុមហ៊ុន​ក៏បាន​កសាងគម្រោង អភិវឌ្ឍន៍ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ រយៈពេលមធ្យម និងវែង ចាប់ពីឆ្នាំ២០១១-២០១៦ សម្រាប់ប្រជាពលរដ្ឋនៅ​តាមបណ្តាខេត្តនានា មានដូចជា​ ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល និង ខេត្តស្វាយរៀង ដោយចំណាយថវិកា សរុបចំនួន ៥២៥.០០០ដុល្លារអាមេរិក។

បន្ថែមពីលើរបាយការណ៍យ៉ាងលម្អិត ជូនសម្តេចតេជោ នាយករដ្ឋមន្ត្រី លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងថា ក្រុមហ៊ុនភេសជ្ជៈ​កម្ពុជា (កូកា-កូឡា) លំដាប់អន្តរជាតិមួយនេះ ដែលបានសម្រេចចិត្តវិនិយោគ បង្កើតរោងចក្រ និង​ពង្រីកសមត្ថភាព ផលិតជាបន្តបន្ទាប់ នៅក្នុងប្រទេសយើង គឺជាសក្ខីភាពនៃការរីកចម្រើនថ្មីមួយទៀត នៃខឿនឧស្សាហកម្មនៅកម្ពុជា ដូច​ពាក្យស្លោក​លើក​ឡើងថា «ឧស្សាហកម្មជាក្បាលម៉ាស៊ីននៃសេដ្ឋកិច្ចជាតិ»។ សមិទ្ធផលថ្មីៗទាំងអស់​នេះ ពិតជា​​​បានចូលរួម​​ចំណែក អភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍ វិស័យឧស្សាហកម្ម​កម្ពុជាឆ្នាំ២០១៥-២០២៥ សំដៅជំរុញការអភិវឌ្ឍវិស័យកម្មន្តសាល និងឧស្សាហកម្មកែច្នៃកសិ​ផល តាមរយៈ​​​​ការធ្វើសមាហរណកម្ម ទៅនឹងខ្សែចង្វាក់តម្លៃក្នុងតំបន់ និងពិភពលោក ការតម្រង់ទិសអភិវឌ្ឍ​តំបន់​ឧស្សាហកម្ម ដើម្បីធានានូវភាពប្រមូលផ្តុំ ការតភ្ជាប់សេដ្ឋកិច្ច និងការប្រកួតប្រជែង ការធ្វើវិចារណកម្ម​តំបន់សេដ្ឋកិច្ច​ពិសេស ការអភិវឌ្ឍសួនឧស្សាហកម្ម និងកន្សោមឧស្សាហកម្ម។

ជាងនេះទៅទៀត លោកទេសរដ្ឋមន្ត្រី តាងនាមឲ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក៏ដូចជាវិស័យឯកជន ប្តេជ្ញាចិត្តអនុវត្តឲ្យបានសម្រេច​ជោគជ័យ យុទ្ធសាស្ត្រចតុកោណ​ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយ កិត្តិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី៕