(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់អាមេរិកទទួលបន្ទុកកិច្ចការពាក់ព័ន្ធនឹង នយោបាយកូរ៉េខាងជើង និងអាវុធ​នុយក្លេអ៊ែរលោក Joseph Yoon បានលើកឡើងថា​សហរដ្ឋអាមេរិក និងបណ្តាប្រទេសជាដៃគូ​គួរតែ​បន្ថែមនូវការដាក់ទណ្ឌកម្ម និងសម្ពាធបន្តទៀតទៅលើប្រទេសកូរ៉េខាងជើង​ដើម្បីបង្ខំឲ្យរដ្ឋកុម្មុយនិស្តមួយ​នេះ ងាកមកចូលរួមតុចរចាស្តីពី ការលុបបំបាត់កម្មវិធីនុយក្លេអ៊ែរវិញ។ នេះបើតាមសារព័ត៌មានយ៉ុនហាប់ ចេញផ្សាយនៅមុននេះបន្តិច នាព្រឹកថ្ងៃអង្គារ ទី០៦ ខែធ្នូ ឆ្នាំ២០១៦។

មន្ត្រីអាមេរិកខាងលើនេះបានបន្តទៀតថា ការលុបបំបាត់អាវុធនុយក្លេអ៊ែរ គឺជាគោលដៅចម្បងទីមួយ​របស់សហរដ្ឋអាមេរិក ប៉ុន្តែប្រទេសកូរ៉េខាងជើងហាក់ដូចជា គ្មានឆន្ទៈបន្តិចសោះ​នៅក្នុងការចូលរួមកិច្ច​ចរចា​ឡើងវិញអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ លោក Yoon លើកឡើងយ៉ាងដូច្នេះថា «ខ្ញុំពិតជាដឹងថា​ទណ្ឌកម្ម និងដោះស្រាយផ្សេងៗនឹងមានប្រសិទ្ធភាពអាចបញ្ឈប់អ្វីមួយតែរហូតនោះទេ ប៉ុន្តែវាជា​ឧបករណ៍មួយ​ដែលអាចបង្ខំកូរ៉េខាងជើងឲ្យចូលតុចរចាវិញបាន ដូច្នេះយើងតែត្រូវតែបន្តការដាក់សម្ពាធ...»

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងមួយរយៈពេលចុងក្រោយនេះ ហាក់មិនបានបង្ហាញសញ្ញាណាមួយថានឹង​បញ្ឈប់កម្មវិធីនុយក្លេអ៊ែរ ឬក៏ចូលរួមកិច្ចចរចាអ្វីឡើយ ក្រៅតែពីការធ្វើតេស្តសាកល្បងទាំងគ្រាប់មីស៊ីល និងអាវុធនុយក្លេអ៊ែរជាច្រើនលើកនៅក្នុងឆ្នាំ២០១៦នេះ ដោយមិនខ្វល់ពីទណ្ឌកម្ម ឬក៏ការអំពាវនាវពី​សហគមន៍អន្តរជាតិនោះឡើយ។ តួយ៉ាងដូចជាទណ្ឌកម្មខ្ទប់ដង្ហើមសេដ្ឋកិច្ច ដែលអង្គការសហប្រជាជាតិ​ទើបតែបានដាក់កាលពីសប្តាហ៍មុននេះ ក៏កូរ៉េខាងជើងហាក់មិនបានបង្ហាញការកោតខ្លាចបន្តិចនោះដែរ៕