(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ បានទទួលជួបសម្តែងការគួរសម ជាមួយ លោក គេនជី វ៉េម៉ាសឹៈ នាយករងខុទ្ទកាល័យ និងជានាយកគ្រប់គ្រងមជ្ឈមណ្ឌលសហប្រតិបត្តិការ និងទំនាក់ទំនងអន្តរជាតិ ប្រចាំទីក្រុងកូបេ ប្រទេសជប៉ុន នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦នេះ ខណៈលោកអញ្ជើញមកទស្សនកិច្ច នៅទីបញ្ជាការរដ្ឋានកងពលតូចលេខ៧០ និងទស្សនាការធ្វើលំហាត់សង្រ្គោះ គ្រោះអគ្គិភ័យ របស់ក្រុម ៧១១ នៃកងពលតូចថ្មើរជើងលេខ៧០។

នៅក្នុងជំនួបនោះ លោក គេនជីវេម៉ាសឹៈ បានបង្ហាញអំពីចំណងមិត្តភាពរវាង កម្ពុជា-ជប៉ុន ដែលជាដៃគូអភិវឌ្ឍន៍លើគ្រប់វិស័យរបស់កម្ពុជា។

ជំនួបរវាងមេបញ្ជាការកងពល ជាមួយលោក គេនជី វ៉េម៉ាសឹៈ ទទួលបានលទ្ធផលលើ ៤ចំណុចសំខាន់ៗរួមមាន៖
១. លោកនឹងបន្តការគាំទ្រ ក្រុម៧១១ របស់កងពលតូចលេខ៧០ ដែលបានសង្គ្រោះអាយុជីវិតប្រជាជនទូទៅក្នុងនាមមនុស្សធម៌
២. លោកបន្តផ្តល់ជំនួយដូចជារថយន្តសង្គ្រោះ រថយន្តពន្លត់អគ្គិភ័យ និងសម្ភារផ្សេងៗជាច្រើនទៀតដែលសំរាប់បម្រើឲ្យការងារសង្គ្រោះដល់ក្រុម៧១១ តាមរយៈ អង្គការ JPR
៣. ជួយផ្តល់សម្ភារ និងគ្រូ សំរាប់ហ្វឹកហាត់ និងបណ្តុះបណ្តាល នៅសាលាសង្គ្រោះមិត្តភាពកម្ពុជា-ជប៉ុន ឯខេត្តព្រះសីហនុ
៤. លោក គេនជី វ៉េម៉ាសឹៈ នឹងទទួលយកសមាជិកក្រុមសង្គ្រោះ៧១១ របស់កងពលតូចលេខ៧០ ចំនួន០៦នាក់ (គ្រូ) អោយទៅហ្វឹកហាត់នៅសាលាសង្គ្រោះ គ្រោះអគ្គិភ័យទីក្រុងកូបេ ប្រទេសជប៉ុន ដើម្បីបង្កើននូវចំណេះដឹងផ្នែកសង្គ្រោះបន្ទាន់ និងជំនាញពន្លត់អគ្គិភ័យបន្ថែមទៀត ដែលនឹងត្រូវចេញដំណើរនៅថ្ងៃទី១៣ ខែមករា ឆ្នាំ ២០១៧ ខាងមុខនេះ។

បន្ទាប់ពីកិច្ចពិភាក្សាចប់ លោក គេនជី វ៉េម៉ាសឹៈ ទៅទស្សនាការធ្វើលំហាត់សង្គ្រោះគ្រោះអគ្គិភ័យ របស់ក្រុម៧១១ នៅក្នុងបញ្ជាការដ្ឋានកងពល។

គួរបញ្ជាក់ថា កន្លងមកកងពល តែងតែទទួលបានការជួយឧបត្ថម្ភពីប្រជាជនជប៉ុន តាមរយៈអង្គការ JPR ប្រចាំប្រទេសកម្ពុជា នូវសម្ភារបច្ចេកទេសសំរាប់ជួយសង្គ្រោះបន្ទាន់ និងពន្លត់អគ្គិភ័យ ដូចជាឡានពន្លត់អគ្គិភ័យ ឡានពេទ្យ និងឧបករណ៍សម្ភារជួយសង្រ្គោះផ្សេងៗជាច្រើនទៀត និងអ្វីដែលសំខាន់ គឺក្រុម៧១១ របស់កងពលទទួលបានការហ្វឹកហាត់ និងបណ្តុះបណ្តាលពីបណ្តាគ្រូជាសមាជិក JPR ដែលមានលោក គីយ៉ូស៊ី ម៉ាសាយ ជនជាតិជប៉ុន ជាប្រធានបង្រៀនដោយផ្ទាល់៕