(ភ្នំពេញ)៖ លោក មុត សុវណ្ណ ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចេញសេចក្តីសម្រេចតែងតាំង នាយករដ្ឋបាលសាលាខណ្ឌសែនសុខ ជំនួសលោក ឡាយ ឧត្តម ដែលត្រូវបានផ្លាស់ប្តូរឲ្យទៅបម្រើការងារ នៅសាលារាជធានីភ្នំពេញវិញ។

សេចក្តីសម្រេចរបស់ សម្តេចក្រឡាហោម ស ខេង បានចេញតាំងពីអំឡុងខែតុលា ឆ្នាំ២០១៦មកម្ល៉េះ ប៉ុន្តែការប្រកាសជាផ្លូវការទើបតែធ្វើឡើងកាល ពីប៉ុន្មានថ្ងៃនេះទេ នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខណ្ឌ​សែន​សុខ។

​នៅក្នុង​ពិធី​ប្រកាស​តែងតាំង​នោះ លោក មុត សុវណ្ណ បាន​ធ្វើការ​ប្តេជ្ញាចិត្ត ចំពោះមុខ​តំណែង​នេះ​ថា «ខ្ញុំ​សូម​ថ្លែងអំណរគុណ ដល់​រាជរដ្ឋាភិបាល ក៏ដូចជា​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​សាលា​រាជធានី​ភ្នំពេញ ដែល​ផ្តល់​សេចក្តីទុកចិត្ត ដល់​រូប​ខ្ញុំបាទឲ្យមក​កាន់ ជា​នាយក​រដ្ឋបាលខណ្ឌ​សែន​សុខ​។ ខ្ញុំ​ពិតជា​មាន​សេចក្តី​រីករាយ ដើម្បី​ចូលរួមចំណែក ស្តារ​និង​អភិវឌ្ឍន៍ សង្គម ជាពិសេសជួយ​ដល់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ខណ្ឌ​សែន​សុខ ហើយ​ខ្ញុំ​នឹង​ខិតខំ​ប្រឹងប្រែង ធ្វើ​ការងារឲ្យ​អស់ពីកំលាំងកាយ​ចិត្ត ដោយ​មិន​រើសអើង​គណបក្សនយោបាយ ក៏ដូចជា​ប្រជាពលរដ្ឋ​ក្រីក្រ​។ ក្នុងនោះដែរ ប្រសិនបើ​ខ្ញុំបាទប្រព្រឹត្ត​ខុស ទៅនឹង​គោលនយោបាយរបស់​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ ខ្ញុំបាទ​នឹង​លាយ​ឈប់​ដោយ​មិន​ស្តាយស្រណោះ​ ទោះលោកជាមន្រ្តីធម្មតាក៍អាចបម្រើជាតិ​ និងរដ្ឋាភិបាលបានដែរ​» ។

​សូមបញ្ជាក់​ផងដែរ​ថា មុននឹង​លោក​មកកាន់​មុខតំណែង​នេះ នៅក្នុង​ឆ្នាំ​២០០២​ ដល់​ ឆ្នាំ២០០៤ លោកធ្លាប់​ធ្វើជា​ជំនួយការ នាយខុទ្ទកាល័យសាលាក្រុង​ភ្នំពេញ​។ ពី​ឆ្នាំ​២០០៤ រហូតដល់​២០១៣ ជា​ជំនួយការ​លោក ប៉ា សុជាតិ​វង្ស ដែល​ក្នុងពេលនោះ លោក ប៉ា សុជាតិ​វង្ស នៅ​ជា​អភិបាលរង​រាជធានី​ភ្នំពេញនៅឡើយ​ ​។ ចាប់ពី​ឆ្នាំ​២០១៣ ដល់ ២០១៥ លោកជា​ជំនួយការ​ លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​។ ហើយចាប់ពី​ថ្ងៃទី ១៦ កក្ដ​ដា ២០១៦ មកកាន់​ការងារ​ជា​នាយក​រងរដ្ឋបាល​សាលាខណ្ឌ​សែន​សុខ​៕