(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងនៅលើ Facebook Page ផ្លូវការនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦នេះថា យើងទាំងអស់គ្នាចងចាំជានិច្ច ថ្ងៃរណសិរ្សសង្គ្រោះជាតិ២ធ្នូ ជាថ្ងៃចាប់កំណើត នៃចលនាតស៊ូ ក្នុងគោលដៅ​រំដោះប្រទេសពីរបប ប៉ុលពត។

Facebook Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហោះឲ្យដឹងថា «ចងចាំ និងអបអរសាទរខួបទី ៣៨ នៃរណសិរ្សសង្គ្រោះជាតិ ២ ធ្នូ ថ្ងៃនេះជាខួបលើកទី ៣៨ នៃរណសិរ្សសង្គ្រោះជាតិ (២ ធ្នូ ១៩៧៨- ២ធ្នូ ២០១៦) ដែលជាថ្ងៃចាប់កំណើតនៃចលនាតស៊ូក្នុងគោលដៅ​រំដោះប្រទេសពីរបបឃោរឃៅ ប៉ុល ពត ដែលបានបណ្តាលឲ្យ ប្រជាពលរដ្ឋស្លាប់យ៉ាងវេទនាអស់ជាង៣លាននាក់ (១៧ មេសា ១៩៧៥-៦ មករា ១៩៧៩)។ រណសិរ្ស២ធ្នូ គឺបានកើតចេញពី កម្លាំងមហាសាមគ្គីប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ដែល​មាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង វីរជនស្នេហាជាតិជាច្រើនរូបទៀត»

បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ឲ្យដឹងថា ខួប៣៨ឆ្នាំ នៃថ្ងៃបង្កើតរណៈសិរ្សសាមគ្គីសង្គ្រោះជាតិ កម្ពុជាថ្ងៃនេះ ក៏ត្រូវនឹងខួបលើកទី ២៩ (២ធ្នូ ១៩៨៧-២ធ្នូ ២០១៦) នៃការចរចា សីហនុ-ហ៊ុន សែន នៅប្រទេសបារាំង ដែលជាកិច្ចចរចាដំបូង ស្វែងរកដំណោះស្រាយនយោបាយ​ សម្រាប់សន្តិភាពនៅកម្ពុជា។

សម្តេចតេជោ បានបញ្ជាក់ថា «យើងទាំងអស់គ្នាចងចាំជានិច្ចនូវការចូលរួមរបស់ពលរដ្ឋកម្ពុជា និងកងទ័ពដែលបាន បូជាសាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុជាតិ ដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្រ្តនេះ ដែលបានធ្វើអោយប្រទេសជាតិ មាន សុខសន្តិភាព និងរីកចម្រើនមកទល់សព្វថ្ងៃ។ សូមជូនពរជនរួមជាតិ ទូទាំងប្រទេសជួបតែសេចក្តីសុខ និងសំណាងល្អ គ្រប់ៗគ្នា»

គួរបញ្ជាក់ថា ថ្ងៃ២ធ្នូ ឆ្នាំ២០១៦នេះ គឺជាខួបលើកទី ៣៨ឆ្នាំ (២ធ្នូ ១៩៧៨-២ធ្នូ ២០១៦) នៃកំណើតរណសិរ្សសាមគ្គី សង្រ្គោះជាតិកម្ពុជា ដែលបច្ចុប្បន្នត្រូវបានប្តូរ ឈ្មោះថា ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាជាថ្ងៃដែល ខ្មែរអ្នកស្នេហាជាតិមួយក្រុម បានប្រមូលផ្តុំគ្នា នៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីដាក់ចេញនូវផែនការរំដោះជាតិចេញពី របបកម្ពុជាប្រជាធិបតេយ្យបនប្រល័យពូជសាសន៍ ប៉ុលពត៕