(សេអ៊ូល)៖ កូរ៉េខាងត្បូង និងជប៉ុនបានប្រកាសនៅថ្ងៃសុក្រនេះថា ពួកគេនឹងដាក់ទណ្ឌកម្មរៀងៗខ្លួន ប្រឆាំងនឹងកូរ៉េខាងជើង សម្រាប់ការបាញ់សាកល្បងមីស៊ីលផ្លោង និងអាវុធនុយក្លេអ៊ែរជាលើកទី៥ កាលពីខែកញ្ញា ហើយដែលការសម្រេចចិត្តនេះ​ធ្វើឡើងនៅបន្ទាប់ក្រុមប្រឹក្សាស្តិសុខ​អង្គការសហប្រជាជាតិ បានសម្រេចចិត្ត ជាឯកច្ឆ័នលើ ដំណោះស្រាយដាក់ទណ្ឌកម្ម សំដៅកាត់បន្ថយប្រាក់ចំណូលនៃរបបដឹកនាំ​លោក គីម ជុងអ៊ុន កាលពីថ្ងៃពុធ។ នេះបើតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃសុក្រ ទី០២ ខែធ្នូ ឆ្នាំ២០១៦។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន កូរ៉េខាងត្បូងបានគូសបញ្ជាក់ថា​ទីក្រុងសេអ៊ូល បានសម្រេចដាក់​ទណ្ឌកម្ម ដោយបញ្ចូលឈ្មោះ​មន្ត្រីជំនិតរបស់ លោក គីម ជុងអ៊ុន ដូចជា លោក ឆូ រីយ៉ុង ហេ និង លោក វ៉ាង ព្យុនស៊ូ ទៅ ក្នុងបញ្ជីខ្មៅ។ ម្យ៉ាងវិញទៀតសូម្បីតែ អ្នកជំនាញបរទេសខាង បច្ចេកវិទ្យាមីស៊ីល ឬ​អាវុធនុយក្លេអ៊ែរ​ដែលបំពេញទស្សនកិច្ច ទៅកាន់ទីក្រុងព្យុងយ៉ាង ក៏ត្រូវបានហាមមិនឱ្យចូលជាន់ដី​កូរ៉េខាងត្បូង​ផងដែរ ក្នុងករណីដែលដំណើរទស្សនកិច្ច របស់ពួកគេ ត្រូវគេមើលឃើញថា បង្កផលប៉ះ​ពាល់​ដល់​ផលប្រយោជន៍ កូរ៉េខាងត្បូង។ ចំណែកជប៉ុនវិញក៏បានដាក់​ទណ្ឌកម្ម ឯកតោភាគី ក្នុងនោះរួមមានទំាង ការហាមឃាត់នាវាទាំងអស់ ដែលមកពីកំពង់ផែកូរ៉េខាងជើង មិនឱ្យចូលចតកំពង់ផែជប៉ុន។

គួររំលឹកថាកូរ៉េខាងជើង បានជំទាស់យ៉ាងខ្លំាង ទៅនឹង​ដំណោះស្រាយដាក់ទណ្ឌកម្ម របស់ក្រុមប្រឹក្សា​សន្តិសុខ អង្គការសហប្រជាជាតិ ដោយហៅការសម្រេចចិត្តនេះ មានលក្ខណៈស្ដង់ដាពីរក៏ដូចជាឃោបឃិត​ជាមួយ សហរដ្ឋអាមេរិក ដើម្បីយាយីអធិបតេយ្យភាព កូរ៉េខាងជើងតែប៉ុណ្ណោះ ត្បិតកម្មវិធីនុយក្លេអ៊ែរ របស់ខ្លួនមាន គោលដៅតែមួយគឺការពារខ្លួន៕