(ភ្នំពេញ)៖ មុខសញ្ញាចោរប្លន់ម្នាក់បន្លំធ្វើជាហៅម៉ូតូឌុបជិះ ខណៈដល់កន្លែងស្ងាត់ដកកន្រៃ្តចាក់ទៅលើ បុរសជាអ្នករត់ម៉ូតូឌុបមួយកន្រៃ្តបណ្តាលឱ្យរងរបួសធ្ងន់ ប៉ុនប៉ងប្លន់យកម៉ូតូ តែមិនបានសម្រេច ត្រូវនគរបាលនិងប្រជាពលរដ្ឋ ជួយអន្តរាគមន៍ទាន់ពេលវេលា ចាប់ជនសង្ស័យបាន រួចត្រូវបានប្រជាពលរដ្ឋ ស្វាគមន៍វាយយ៉ាងចាស់ដៃ។

ហេតុការណ៍នេះ បានកើតឡើង នៅយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវបេតុង ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ យ៉េន សូដា ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិត្រពាំងផាន់ ឃុំសុតុំ ស្រុកក្រគ ខេត្តពោធិ៍សាត់ និងចំណែកឯជនរងគ្រោះឈ្មោះ ភាព ធីម ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរត់ម៉ូតូឌុប ស្នាក់នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ និងម៉ូតូជនរងគ្រោះម៉ាក C១២៥ពណ៍ខ្មៅសេរីឆ្មាំ២០០៩ ស្លាកលេខព្រៃវែង១B-៧២៧៦។

សមត្ថកិច្ចបានឱ្យដឹងទៀតថា នៅមុនកើតហេតុជនរងគ្រោះ បានឌុបជនសង្ស័យចេញពីចំណុចខាងលើ ឆ្ពោះទៅផ្សាកាណាស៊ីធី លុះជិះចេញបានបន្តិចជនសង្ស័យ ក៏ធ្វើសកម្មភាពយក កន្រៃ្តចាក់ជនរងគ្រោះ ពីក្រោយលិចមួយកន្រៃ្តចំក្រោមឃ្លៀកខាងស្តាំ ពេលនោះជនរងគ្រោះ បានស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋ ដេញចាប់បានភ្លាមៗ ហើយវាយទ្រោមខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ ចាត់ការតាមផ្លូវច្បាប់៕