(ភ្នំពេញ)៖ កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» លើកទី៩ ដែលបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន នឹងធ្វើការប្រគល់រង្វាន់ ជូនម្ចាស់ជយលាភី១០នាក់ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ ស្អែកនេះ នៅវិមានសន្តិភាព។ កម្មវិធីប្រគល់រង្វាន់នេះ នឹងធ្វើឡើងក្រោមអធិបតីភាព លោក ដួង តារា អនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ Facebook របស់សម្តេចតេជោ ហ៊ុន សែន។

សូមជម្រាបថា កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» វគ្គ៩ បានរកម្ចាស់ជយលាភីចំណាត់ថ្នាក់លេខ១ (Top-1) គឺបានទៅលើ បេក្ខជន ហ៊ុន តូហូរ ដែលទទួលបានសម្លេង បោះឆ្នោតគាំទ្រចំនួន 13,831 Likes លើវិញ្ញាសារគំនូរ មានចំណងជើងថា «រូបគំនូរសម្តេចតេជោ ហ៊ុន សែន»។

បេក្ខជនឈ្មោះទាំង១០រួមមាន៖ លេខ១ ហ៊ុន តូហូរ ភេទប្រុស, ២-ទេព រស្មី ភេទប្រុស, ៣-រ៉ាន់ ណាលី ភេទស្រី, ៤ -ប៉ុន សំអូន ភេទស្រី, ៥-ស៊ាម រតនៈ ភេទប្រុស, ៦- ឆឹល ចាន់ថាភេទ ភេទប្រុស ៧-អ៊ី សុខភេង ភេទប្រុស, ៨-វុធ សាវី ភេទប្រុស, ៩-លី សំណាង ភេទប្រុស និង១០-វេង ហេងឡាយ ភេទប្រុស។

សូមជម្រាបថា កម្មវិធី «ខ្ញុំជាយុវជនគំរូ» រៀបចំប្រកួតប្រជែងចំនួន៩វគ្គ រួចមកហើយ ក្រោមការផ្តួចផ្តើម របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឲ្យយុវជនចូលរួមក្នុង កិច្ចការងារសង្គម ជៀសឆ្ងាយអំពើអបាយមុខ និងគ្រឿងញៀនជាដើម។ ម្ចាស់ជយលាភីទាំងអស់ សុទ្ធតែទទួលបានលិខិត សរសើរពីសម្តេចតេជោ រួមទាំងរង្វាន់ផងដែរ៕