(ភ្នំពេញ)៖ ក្រុមបាល់ទាត់តំណាងប្រទេសកម្ពុជា បឹងកេតអង្គរ នឹងធ្វើការប្រកួតបើកឆាកពានរង្វាន់ BTV Cup 2016 នា​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​២ ខែ​ធ្នូ​នេះ​ហើយ ដោយ​ត្រូវ​ជួប​ប្រកួត​ជា​មួយ​ក្រុមម្ចាស់ផ្ទះ Becamex Bing Doung នៅ​លើ​ទី​លាន​ពហុ​កីឡដ្ឋាន Binh Doung នៃ​ប្រទេស​វៀត​ណាម​។

នេះជាលើកទី២ហើយ ដែលក្រុមជើងឯកលីគកំពូលកម្ពុជា និងអតីតក្រុមជើងឯកលីគកំពូលវៀតណាមខាងលើ​មាន​ឱកាស​ជួប​គ្នា ខណៈ​ជួប​លើក​ទី​១ នៅ​លើ​ទឹក​ដី​វៀត​ណាម កាល​ពី​ចុង​ឆ្នាំ២០១៥ កន្លងទៅ គឺក្រុមបឹងកេតអង្គរ បាន​យក​ឈ្នះ​ក្រុម Becamex Bing Doung ដោយ​លទ្ធ​ផល ៣-២ នៅ​ក្នុង​ជំនួប​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៃ​ពាន TOYOTA Mekong Cup 2015​។

ដោយហេតុនេះ ចាំមើលជំនួបល្ងាចនេះ ក្រុមបឹងកេត អាចបន្ដយកឈ្នះក្រុមខ្លាំងវៀតណាមនេះបានដូចឆ្នាំមុនឬទេ? លោក ប្រាក់ សុវណ្ណារ៉ា គ្រូ​បង្វឹក​ក្រុម​បឹង​កេត​អង្គរ បាន​ឲ្យ​ដឹង​មុន​ចេញ​ដំណើរ​ថា លោកនឹងមិនលាក់ជើងកីឡាករ​ឡើយ ពោល​គឺ​ត្រូវ​ប្រើ​ប្រាស់​ធន​ធាន​កីឡាករ​ល្អៗ​ទាំង​អស់ ដើម្បី​ស្វែង​រក​ជ័យ​ជម្នះ និង​កិត្តិយស​ជូន​ជាតិ ពិសេស​ក្នុង​​ជំនួប​​ទល់​នឹង​ក្រុម Becamex Bing Doung ថ្ងៃ​បើក​ឆាក​តែ​ម្ដង​។

គួរបញ្ជាក់ផងដែរថា បេសកកម្មលើកនេះ គឺក្រុមបឹងកេត​អង្គរ ស្ថិតក្នុងពូល​ A ជាមួយក្រុមម្ចាស់ផ្ទះវៀតណាម ២​ក្រុម និង​ក្រុម​មក​ពី​សាធារណ​រដ្ឋ​កូរ៉េ ១​ក្រុម ខណៈ​ការ​ប្រកួត​សន្សំ​ពិន្ទុ​តាម​ពូល​គ្រោង​នឹង​ចាប់​ផ្ដើម​ជា​ផ្លូវ​ការ ចាប់​ពី​ថ្ងៃ​ទី២ ដល់​ថ្ងៃ​ទី​៦ ខែ​ធ្នូ​ខាង​មុខ​នេះ ប៉ុន្ដែ​បើ​សិន​បឹង​កេត អាច​ឆ្លង​ផុត​ទៅ​វគ្គ​បន្ដ នោះ​ការ​ប្រកួត​នៅ​តែ​បន្ដ ដោយ​កាល​បរិច្ឆេទ​គណៈកម្មការរៀបចំការប្រកួតនឹងកំណត់ពេលក្រោយ៕