(សៀមរាប)៖ ក្រុមប្រតិភូ អ៊ូស៊ូណូមីញ៉ា រ៉ូតារីក្លឹប ពីប្រទេសជប៉ុន បានប្រគល់រថយន្ដពន្លត់អគ្គីភ័យធនមធ្យម ដែលនាំចូលពីប្រទេសជប៉ុន ចំនួន ៤គ្រឿង ដើម្បីប្រគល់ជូនកងវិស្វកម្មសម្ដេចតេជោ ហ៊ុន សែន ប្រចាំខេត្តសៀមរាប សម្រាប់ទុកប្រើប្រាស់ក្នុងការជួយពន្លត់ និងសង្គ្រោះពេលមានអគ្គីភ័យ កើតឡើងនៅខេត្តសៀមរាប ហើយរថយន្ដប្រភេទនេះ ក៏អាចមានលទ្ធភាពក្នុងការបូមទឹកស្រោចស្រព្វ​ ផលដំណាំកសិកម្ម បានផងដែរ ពិសេសដូចជា នៅពេលមានភាពរាំងស្ងួត ខ្វះទឹកស្រោចស្រព្វស្រែស្រូវ ជាដើមនោះ។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅរាត្រីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះ នៅឯសណ្ឋាគារ ស៊ីធីអង្គរ ក្រុងសៀមរាប ក្រោមអធិបតីភាពរបស់អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងលោកជំទាវ, និងប្រតិភូ អ៊ូស៊ូណូមីញ៉ា រ៉ូតារីក្លឹប ពីប្រទេសជប៉ុន ដែលដឹកនាំដោយ លោកព្រឹទ្ធាចារ្យ យ៉ាណូ តេស៊ូរ៉ូ (YANO TETSURO) និងជាអតិតអនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន, ព្រះតេជ្ជគុណ ស៊ីកាដា មីណេអូ (Ven. TSUKADA MUYNEO) នៃព្រះវិហារស្យូហ្វ៊ូគូយិ ជប៉ុន, និងវត្តមានតំណាងជាន់ខ្ពស់ស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា, និងដោយមានវត្តមានចូលរួមពីខាងកម្លាំងសមត្ថកិច្ច, កងកម្លាំងនៃក្រុមវិស្វកម្មសម្ដេចតេជោ ហ៊ុន សែន ប្រចាំខេត្តសៀមរាប, អាជ្ញាធរដែនដី, លោកគ្រួ, អ្នកគ្រួ ផងដែរ។

ក្នុងពិធីសម្ភោធអាគារសិក្សានោះ អ្នកឧកញ៉ា សៀង ណាំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះគណៈប្រតិភូ អ៊ូស៊ូណូមីញ៉ា រ៉ូតារីក្លឹប ពីប្រទេសជប៉ុន ក៏ដូចជា រដ្ឋាភិបាលជប៉ុន ដែលបានតាមរយៈស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់ជូនរថយន្ដពន្លត់អគ្គីភ័យ ចំនួន ៤គ្រឿងនេះ ជូនដល់កងវិស្វកម្មរបស់សម្តេចតេជោ ហ៊ុន សែន ប្រចាំខេត្តសៀមរាប នៅពេលនេះ។ ហើយលោកបានលើកឡើងបន្តទៀតថា រថយន្ដពន្លត់អគ្គីភ័យទាំងនេះ សម្រាប់ប្រើប្រាស់ក្នុងការជួយពន្លត់ និងសង្គ្រោះពេលមានអគ្គីភ័យកើតឡើងជាយថាហេតុណាមួយ នៅខេត្តសៀមរាប ហើយរថយន្ដប្រភេទនេះ ក៏អាចមានលទ្ធភាពក្នុងការបូមទឹកស្រោចស្រព្វផលដំណាំ កសិកម្ម របស់ប្រជាកសិករ បានផងដែរ ពិសេសនៅពេលមានភាពរាំងស្ងួត ខ្វះទឹកស្រោចស្រព្វស្រែស្រូវ/ចំការ ជាដើមនោះ៕