(កណ្តាល-កំពង់ឆ្នាំង)៖ សូមអាណាព្យាបាល និងឪពុកម្តាយ ត្រូវប្រុងប្រយ័ត្នគ្រប់គ្នា និងត្រូវហាមកូនៗរបស់ខ្លួន ដែលនៅតូចទៅលេង ឫតោងព្រះភូមិ (រានទេវតា) ពីព្រោះមានហេតុការណ៍បាក់រានទេវតាសង្កត់ក្មេងប្រុសស្រី ២នាក់ បណ្តាលឲ្យស្លាប់កើតមានរួចហើយ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ដោយករណីទី១ កើតឡើងនៅក្រុងតាខ្មៅ ខេត្តកណ្តាល និងករណីទី២ កើតឡើងនៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលធ្វើឲ្យឪពុកម្តាយរបស់ពួកគេ យំសោកបោកខ្លួនយ៉ាងខ្លាំង សោកស្តាយជីវិតកូនរបស់ខ្លួនដែលទើបតែមានអាយុ៨ឆ្នាំ និង៥ឆ្នាំ។

ករណីទី១-ក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ មានឈ្មោះ កុសល វិសាល ជាសិស្សសាលា ត្រូវរានទេវតា បាក់សង្កត់នៅវេលាម៉ោង១០៖១៥នាទីព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចមុខផ្ទះអ្នកលក់រានទេវតាឈ្មោះ សុខ​ សម្បត្តិ ស្ថិតក្នុងភូមិព្រែកឬស្សីលិច សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ម្ចាស់អាជីវកម្ម(លក់រានទេវតា) ឈ្មោះសុខ សម្បត្តិភេទប្រុសអាយុ៤២ឆ្នាំ ស្រុកកំណើត ភូមិព្រែកស្ដី ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល​ បច្ចុប្បន្នស្នាក់នៅផ្ទះជួលកន្លែងកើតហេតុខាងលើ មុខរបរ​លក់រានទេវតាបានគេចខ្លួន) និងប្រពន្ឋឈ្មោះ សុប​ សូរី អាយុ៣៧ឆ្នាំ ស្រុកកំណើត ភូមិព្រែកស្តី​ ឃុំព្រែកស្តី​ ស្រុកកោះធំ​ ខេត្តកណ្តាល​ មុខរបរ​លក់រានទេវតា។

បើតាមសមត្ថកិច្ច នៅថ្ងៃខែឆ្នាំ និងវេលា កេីតហេតុខាងលេី ក្មេងរងគ្រោះបានចេញពីផ្ទះធ្វេីដំណេីរឆ្លងកាត់ ទីនោះជារៀងរាល់ថ្ងៃ ក្នុងការដេីរលេង ហេីយសកម្មភាពក្មេងរងគ្រោះ ពេលដេីរមកដល់កន្លែងចំណុចកេីតហេតុ គឺគាត់ចេះតែតោងលេងមិនដែលមានបញ្ហាអ្វីទេ លុះមកដល់ថ្ងៃ កេីតហេតុក្មេងរងគ្រោះប្រហែលជានៅតោងលេងយូរ បានជាបង្កឲ្យមានគ្រោះថ្នាក់បែបនេះតែម្ដងទៅ។

តាមការពិនិត្យវិភាគ របស់ជំនាញសាកសពក្មេងរងគ្រោះដែលស្លាប់នេះ គឺបណ្ដាលមកពីការតោងយោគ រានទេវតានោះទើបធ្លាក់សង្កត់ចំក្បាលស្លាប់ដោយខ្លួនឯង ពិតប្រាកដមែន។ ចំណែកឯសាកសពគឺត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី។

ករណីទី២- ក្មេងស្រីម្នាក់ដែលជាកូនម្ចាស់អាហារដ្ឋានមួយបានស្លាប់ ក្រោយពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីក្មេងស្រីរងគ្រោះបានតោងព្រះភូមិ (រានទេវតា) ដែលនៅក្នុងរោងមុខផ្ទះ បានធ្លាក់សង្កត់លើ។

ករណីរន្ធត់ចិត្តនេះបានកើតឡើងនៅវេលាម៉ោង១២៖១៥នាទីថ្ងៃត្រង់ទី១ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះម៉េង ជូលី អាយុ៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។

តាមការរៀបរាប់របស់ឪពុកក្មេងរងគ្រោះថា នៅមុនពេលកើតហេតុមានក្មេង២ទៅ៣នាក់ បាននាំគ្នាលេងបោះលុយ លើព្រះភូមិនោះរួចឈោងយកលុយនេះវិញ ប៉ុន្តែនៅពេលដែលកំពុងនាំគ្នាលេងក្មេងស្រី ម៉េង ជូលី បានឈរមាត់លូរួចឈោងយកលុយ នៅលើព្រះភូមិ ក៏ស្រាប់រអិលជើងធ្លាក់ និងតោងព្រះភូមិនោះបណ្តាលឲ្យរលំធ្លាក់ខ្លួនគៀបផ្ទប់ និងលូបណ្តាលឲ្យរងរបួសត្រូវទ្រូង និងកធ្ងន់ធ្ងរ រួចបាននាំគ្នាដឹកមកសង្គ្រោះនៅមន្ទីរពេទ្យ ប៉ុន្តែដោយសារតែស្ថានភាពក្មេងរងគ្រោះធ្ងន់ធ្ងរពេក បណ្តាលឲ្យក្មេងស្រីរងគ្រោះស្លាប់ នៅមន្ទីរពេទ្យតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានទៅពិនិត្យនៅកន្លែងកើតហេតុ និងបានសន្និដ្ឋានថាក្មេងស្រីរងគ្រោះនេះ ពិតជាស្លាប់ដោយសារព្រះភូមិធ្លាក់សង្កត់លើពិតប្រាកដមែន និងបានប្រគល់សពក្មេងស្រីរងគ្រោះឲ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕