(ភ្នំពេញ)៖ បុរសម្នាក់ រួមដំណើរជាមួយបងប្អូនបង្កើតទំនងស្រវឹងខ្លាំង បានបើករថយន្ដ ជ្រុលទៅបុកចូលក្នុងហាងម៉ាស្សាមួយកន្លែង យីហោ «អមត: ប៊ីយូធីស្ប៉ា» បណ្ដាលឲ្យរងការខូចខាតផ្នែងខាងមុខទាំងស្រុង តែសំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួសនោះ​ ឬគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដ៏ទៃនោះទេ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង០១៖១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវព្រះសុីសុវត្តិ កែងផ្លូវលេខ១០៤ ស្ថិតក្នុងសង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

រថយន្ដបង្កម៉ាកកាមរីបាឡែនពណ៍ស ពាក់ស្លាកលេខភ្នំពេញ2AJ-5220 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយ បងប្អូនបង្កើតនឹងគ្នាទាំងស្ថានភាពស្រវឹងទាំងពីរនាក់។

ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដបង្ក​ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសុីសុវត្ថិ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុក៏រេចង្កូតទៅខាងស្ដាំដៃជ្រុលបុកចូលហាងម៉ាស្សាតែម្តង បណ្ដាលឲ្យរងការខូចខាតទ្វារខាងមុខ និងផើងផ្កាចំណែករថយន្ដរងការខូចខាតផ្នែកមុខទាំងស្រុង តែមិនបណ្ដាលមានអ្នករងរបួសនោះទេ។

សមត្ថកិច្ចបានបញ្ជាក់ថា បុរសដែលជាអ្នកបើករថយន្តបង្កមានសភាពស្រវឹងស្រា ហើយបើកបរលឿនហួសល្បឿនកំណត់ មិនគោរពច្បាប់ទើបបង្កឲ្យមានគ្រោះថ្នាក់យ៉ាងដូច្នេះ តែសំណាងហើយដែលមិនបានធ្វើឲ្យមានរងរបួសឬបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ដល់អ្នកដទៃនោះ ដោយគ្រាន់តែធ្វើឲ្យខូចខាតតែរថយន្ត​ និងសម្ភារៈតែប៉ុណ្ណោះ។

ក្រោយកើតហេតុភាគីខាងម្ចាស់រថយន្ដ​ បានធ្វើការសម្របសម្រួលជាមួយម្ចាស់ហាងដែរ តែដោយនិយាយមិនត្រូវគ្នាទើបសមត្ថកិច្ច ធ្វើការវាស់វែងយករថយន្ដបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕