(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសផ្តល់ការអនុគ្រោះដល់អ្នកវិនិយោគគិនរបស់ចិន និងកូរ៉េខាងត្បូង រយៈពេល៣ឆ្នាំលើទិដ្ឋាការ ចំពោះអ្នកកាន់លិខិតឆ្លងដែនធម្មតា ដោយមិនមានការបង់ថ្លៃទិដ្ឋាការច្រើនដងនោះទេ (បង់តែម្តង៣ឆ្នាំ)។ ការសម្រេចនេះ ធ្វើឡើងតាមសំណើរបស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន។

សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍ថា៖ «ខ្ញុំបានសម្រេចផ្តល់ជូន សម្រេចវិនិយោគិនដែលមកពីចិន និងកូរ៉េ នៅទិដ្ឋាការចេញចូលច្រើនដង និងរយៈពេលវែង សម្រាប់អ្នកកាន់លិខិតឆ្លងដែនធម្មតា, សួរថារយៈពេលវែងរយៈពេលប៉ុន្មាន ខ្ញុំបានពិភាក្សាជាមួយសម្តេចក្រឡាហោម ស ខេង ថា សុំជូន៣ឆ្នាំតែម្តង អញ្ជឹងចាប់ពីពេលនេះតទៅ អ្នកវិនិយោគទាំងឡាយរបស់ចិន ដែលកាន់លិខិតឆ្លងដែនធម្មតា គឺមិនចាំបាច់ត្រូវសុំវិសា ហើយក៏មិនចាំបាច់បង់ថ្លៃទៀតដែរ ក្នុងរយៈពេល៣ឆ្នាំ ចង់ចេញចូលប៉ុន្មានដងក៏បានដែរ តែស្ថិតនៅក្នុងបែបបទបោះត្រាចេញ បោះត្រាចូលតែប៉ុណ្ណោះ»

ការប្រកាសលើកលែងទិដ្ឋាការចំពោះអ្នកវិនិយោគទុនរបស់ចិន និងកូរ៉េខាងត្បូងនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះ ខណៈដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវេទិកា​ធុរកិច្ច កម្ពុជា-ចិន ដែលធ្វើឡើងនៅសណ្ឋាគារ​ហ្គា​ឌិន​ស៊ី​ធី ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

​វេទិកា​រៀបចំ​រួមគ្នា ដោយ​ក្រុមហ៊ុន​វិនិយោគ​មីង​សឹង (China Minsheng Investment Group -CMIG) និង​ក្រុមហ៊ុន លី​យ៉ុង​ផាត់​គ្រុប (​អិ​ល​.​វ៉ា​យ​.​ភី គ្រុប​) របស់​កម្ពុជា។ មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់ និង​ពាណិជ្ជករ​មកពី​ប្រទេស​ចិន និង​កម្ពុជា បានជួបពិភាក្សា​អំពី​ការវិនិយោគ​របស់​ប្រទេស​ចិននៅ​កម្ពុជា ក្នុង​វេទិកា​នេះ ព្រមទាំង​មានការ​ចុះ​កិច្ចព្រមព្រៀង​លើ​កិច្ចសហប្រតិបត្តិការ និង​គម្រោង​វិនិយោគផ្សេងៗផងដែរ។

សូមជំរាបថា កន្លងមករាជរដ្ឋាភិបាលកម្ពុជាក៏បានប្រកាសអនុគ្រោះទិដ្ឋាការរយៈពេលវែង ដល់អ្នកទេសចរណ៍ចិន និងកូរ៉េខាងត្បូង ដើម្បីជួយសម្រួលដល់ការធ្វើទេសចរណ៍ចេញចូលនៅកម្ពុជា។ ចំណែកអ្នកទេសចរណ៍ និងអ្នកវិយោគទុនរបស់ជប៉ុន កាលពីដើមឆ្នាំ២០១៦ រាជរដ្ឋាភិបាលក៏បានផ្តល់ការអនុគ្រោះរួចហើយផងដែរ៕ 

(សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន)៖