(ភ្នំពេញ)៖ លោក ​មៀច សុផាន់ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានថ្លែងថា ស្ថាប័នដែលធ្វើការពាក់ព័ន្ធាជាមួយ នឹងការប្រយុទ្ធប្រឆាំងក្លែងក្លាយ ត្រូវតែរួបរួមគ្នាធ្វើការ មិនត្រូវធ្វើដាច់ដោយឡែកពីគ្នានោះទេ និងជៀសវាងធ្វើការដោយប្រចាំមុនតំណែង ឬសមត្ថកិច្ចដែនដីរបស់ខ្លួន។

ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងក្រោយបញ្ចប់ ពិធីប្រកាសកែសម្រួល និងបន្ថែមសមាសភាពគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) និងកិច្ចប្រជុំស្ដីពី វិធានការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នាល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។

លោក មៀច សុផាន់ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានបញ្ជាក់យ៉ាងដូច្នេះថា «ស្ថាប័ននានាដែលធ្វើការពាក់ព័ន្ធជាមួយ ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ លូវនេះកិច្ចប្រឹងប្រែងមានដោយដំៗ សុខាភិបាល គយ កាំកុងត្រូល ប៉ូលីសសេដ្ឋកិច្ច គឺថាធ្វើការវៀងៗខ្លួន យើងផ្គុំកិច្ចប្រឹងប្រែង និងព្យាយាមទាំងនេះ ឲ្យទៅជាកិច្ចប្រឹងប្រែងតែមួយរបស់ជាតិ ហើយកុំឲ្យគិតថា កាំកុងត្រូលនេះជាសមត្ថកិច្ចរបស់គាត់ មិនមែនរបស់គយទេ, ប៉ូលីសសេដ្ឋកិច្ចថានេះជាសិទ្ធិផ្ដាច់មុខរបស់គាត់ ទៅលូកលាន់កិច្ចការរបស់គាត់មិនបានទេ ប្រសិនបើនៅតែប្រចាំបែបនេះ វាធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធិភាពការងារ»

លោកប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បន្ថែមថា ស្ថាប័នពាក់ព័ន្ធត្រូវធ្វើយ៉ាងណាឲ្យកិច្ចប្រឹងប្រែងនេះចូលជាធ្លុងមួយ ហើយក្រសួងយុត្តិធម៌ក៏ចូលរួមជួយប្រសិនបើ សមត្ថកិច្ចអនុវត្តច្បាប់ត្រូវការ ការដឹកនាំខាងផ្នែកនីតិវិធីច្បាប់ ខាងផ្លូវតុលាការ។

ជាមួយគ្នានោះដែរ លោកបានឲ្យដឹងថា​ គណៈកម្មាធិការ នឹងព្យាយាមផ្សព្វផ្សាយ ឲ្យដឹងទៅដល់ប្រជាពលរដ្ឋអំពីផលវិបាក នៃការប្រើប្រាស់ផលិតផលក្លែងក្លាយ ថាវាមានផលប៉ះពាល់កម្រិតណា ប៉ះពាល់របៀបមិច ហើយគណៈកម្មាធិការ ក៏ត្រូវការចូលរួមពីប្រជាពលរដ្ឋដោយផ្ទាល់តែម្ដង បើរំពឹងតែសមត្ថកិច្ច គឺការបង្ក្រាបការទប់ស្កាត់មិនឈ្នះនោះទេ៕