(ភ្នំពេញ)៖ ទីបំផុត នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ប្រកាស​សាលក្រម​ផ្តន្ទា​ទោស ​លោក​ ស៊ុត​ ឌីណា​ អតីតអគ្គរាជទូតខ្មែរប្រចាំនៅកូរ៉េខាងត្បូង ដាក់​ពន្ធនាគារ​រយៈពេល​៥ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​១០លាន​រៀល​ ពាក់ព័ន្ធនឹងពាក់ព័ន្ធភាពមិនប្រក្រតីនៃពេលបំពេញការងាររយៈពេល៣ឆ្នាំ។​ សាលក្រម​នេះ​ ប្រកាស​ដោយ​លោក​ កោ​ វណ្ឌី​ អនុប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដោយ​ពុំ​មាន​អាន​សំអាង​ហេតុ​ទេ​។

សូមជំរាបថា លោក ស៊ុត ឌីណា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន កាលពីថ្ងៃចន្ទ ទី០៤ ខែមេសា ឆ្នាំ២០១៦កន្លងទៅ ហើយបានរកឃើញថា លោកមានការ ពាក់ព័ន្ធភាពមិនប្រក្រតី ក្នុងការអនុវត្តការងារនៅប្រទេសកូរ៉េ ដោយមានលុយរហូតដល់ ៧.២លានដុល្លារអាមេរិក និងមាស៣៣៩តម្លឹង បន្ទាប់ពីកាន់តំណែង បាន៣ឆ្នាំ។

តុលាការបានសម្រេចចោទប្រកាន់ លោក ស៊ុត ឌីណា ចំនួន២បទល្មើស រួមមានបទកេងយកប្រយោជន៍ដោយខុសច្បាប់ តាមមាត្រា៥៩៧ និង៥៩៨ នៃក្រមព្រហ្មទណ្ឌ និងបទរំលោភអំណាច តាមមាត្រា៣៥ ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ៕