(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចពន្យារពេលបង់ពន្ធ លើអចលនទ្រព្យ សម្រាប់ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីបង្កលក្ខណៈងាយស្រួល និងផ្តល់លទ្ធភាព ជូនម្ចាស់អចលនទ្រព្យ ដែលមិនទាន់ប្រកាសបង់ពន្ធ មានពេលវេលាគ្រប់គ្រាន់ សំរាប់ការបង់ពន្ធនេះ។

ការពន្យារពេលបង់ពន្ធនេះ ដោយសារតែអគ្គនាយកដ្ឋានពន្ធដារ បានពិនិត្យឃើញថា មានម្ចាស់អចលនទ្រព្យមួយចំនួន នៅតែមិនទាន់បានប្រកាសបង់ពន្ធប្រភេទនេះ នៅឡើយ ខណៈម្ចាស់អចលនទ្រព្យជាច្រើន កំពុងមមាញឹកមកប្រកាសបង់ពន្ធ។

អគ្គនាយកដ្ឋានពន្ធដារ បានឲ្យទៀតថា ម្ចាស់អចលនទ្រព្យទាំងឡាយណា ដែលមិនបានមកប្រកាសបង់ពន្ធក្នុងអំឡុងពេល ឬក្រោយការពន្យារពេលខាងលើនេះ នឹងត្រូវទទួលរងនូវទោសទណ្ឌ ស្របតាមច្បាប់ស្តីពីសារពើពន្ធ ជាធរមាន៕