(កំពង់ធំ)៖ ឈ្មួញរកស៊ីកាប់បំផ្លាញឈើក្រញូងនៅតំបន់ព្រៃឡង់ ក្នុងភូមិសាស្រ្ត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលបានរកស៊ីរបរមួយនេះរាប់សិបឆ្នាំនោះ ត្រូវបានកម្លាំងសមត្ថកិច្ចចំរុះខេត្តកំពង់ធំ បើកប្រតិបត្តិការចុះទៅបង្ក្រាប រហូតឃាត់មេឈ្មួញ ព្រមទាំងដកហូតរថយន្ត និងឈើក្រញូងយ៉ាងច្រើន។ ជាមួយគ្នានេះ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានរកឃើញប៉ាន់លក់នៅក្នុងទូរស័ព្ទ ដែលបានបាញ់បង្ហាញអ្នកទិញ រហូតដល់២០ម៉ឺនដុល្លារឯណោះ។

ប្រតិបត្តិការបង្ក្រាបមេឈ្មួញរកស៊ីឈើប្រចាំខេត្តកំពង់ធំរូបនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ុត សំអន ប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ធំ និងលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

សមត្ថកិច្ចខេត្តកំពង់ធំ បានឲ្យដឹងថា ឈ្មួញឈើដ៏ល្បីឈ្មោះប្រចាំខេត្តម្នាក់នេះមានឈ្មោះ អែម ហាត់ អាយុ២៧ឆ្នាំ។ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា ជនសង្ស័យរូបនេះ ត្រូវលោកធ្វើការចោទប្រកាន់រួចហើយ និងបានបញ្ជូនទៅដៃចៅក្រម ដើម្បីចាត់ការបន្តទៀត។

លោកព្រះរាជអាជ្ញា បានបញ្ជាក់ថា នៅពេលដែលយើងចាប់ខ្លួន យើងបានឆែកទូរស័ព្ទដៃ ហើយបានឃើញប៉ាន់ឈើដែលរូបគេផ្ញើទៅអ្នកទិញ តម្លៃប៉ុណ្ណេះប៉ុណ្ណោះ។ បើតាមមន្រ្តីតុលាការខេត្ត បានឲ្យដឹងថា ជននេះត្រូវបានចោទប្រកាន់ពីបទ «ប្រមូល និងដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានច្បាប់អនុញ្ញាត នៅតំបន់ព្រៃឡង់ ក្នុងភូមិសាស្រ្តស្រុកសណ្តាន់ ខេត្តកំពង់ធំ»

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ មានការកាប់ឈើក្រញូងមួយដើម ពីសំណាក់ឈ្មោះ អែម ហាត់ ហើយជននេះបានដឹកកម្មករទៅទីតាំងឈើ ដើម្បីចាត់ចែងដឹកតាមរយះរថយន្តប៊ុកស័រ។ ខណៈនោះសមត្ថកិច្ចបានបើករថយន្តតាម តែដោយសារតែផ្លូវពិបាកពេក ទើបធ្វើឲ្យរថយន្តរបស់ជនសង្ស័យ បើកគេចខ្លួនបាត់ ចំណែកឈើក្រញូងដែលដឹកតាមប៊ុកស័រនោះ បានបំវៀងដានសមត្ថកិច្ចយកទៅលាក់ទុក ទើបតែថ្ងៃទី២៩ ខែវិច្ឆិកា សមត្ថកិច្ចក៏ប្រទះឃើញ រថយន្តមួយបាំងកន្លះម៉ាក NAVARA ពណ៌ខ្មៅ ពាក់ស្លាកលេខ 2U-5383 ដែលជារថយន្តមុខសញ្ញាសមត្ថកិច្ចតាមចាប់កាលពីយប់មុន ទើបសមត្ថកិច្ចដកឡាន និងឃាត់មនុស្សតែម្តង។

ក្រោយពីចាប់ឃាត់ជនសង្ស័យ សមត្ថកិច្ចឆែកឆេរទូរស័ព្ទ បានប្រទះឃើញភស្តុតាងជាច្រើនដូចជា រូបឈើក្រញូងដែលបានកាប់ប្រុងដឹកចេញ មានដាក់តម្លៃ ប៉ាន់២០ម៉ឺនដុល្លារឲ្យភាគគីអ្នកទិញ រួមទាំងវិក័យប័ត្រទូទាត់ វេលុយជាច្រើន ដែលពាក់ព័ន្ធ នឹងការរកស៊ីឈើក្រញូង ។

ឈ្មោះ អែម ហាត់ ត្រូវបានគេដឹងថា ជាឈ្មួញឈើក្រញូងរាប់សិបឆ្នាំមកហើយ ប្រចាំ ខេត្តកំពង់ធំ ហើយកន្លងមកសមត្ថកិច្ចធ្លាប់ហ៊ុព័ទ្ធផ្ទះទាំងយប់ ដោយសារការដឹកឈើ ក្រញូងចូលផ្ទះ តែជននេះបានរំដោះចេញតាមផ្លូវក្រោយផ្ទះបាត់។ រហូតមកដល់ពេលនេះ មានការភ្ញាក់ផ្អើលម្តងទៀត ដោយសារតែជនសង្ស័យ បានយកឈើក្រញូង មួយដើម ដែមមានមុខ៦០ ប្រវែង១៨ម៉ែត្រ យកទៅលាក់ទុក៕