(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងអំណរគុណចំពោះ គណៈគ្រប់គ្រងបុគ្គលិកក្រុមហ៊ុន ខ្មែរប៊្រូវើរី លីមីធីត ដែលបាន គាំទ្រ និងចូលរួម ជាមួយសមាគម ក្នុងការចូលរួមសកម្មភាពសង្គម តាមរយៈការផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិតក្រីក្រ។

លោក ហ៊ុន ម៉ាណែត ថា ការផ្តល់ជូននេះ ប្រៀបដូចជាការផ្តល់ឱកាសឱ្យក្មួយៗសិស្ស និស្សិតអាហាររូបករណ៍ បានបន្តការសិក្សា នៅតាមគ្រឹះស្ថានឧត្តមសិក្សា ក្នុងគោលបំណងឱ្យពួកគេមានឱកាសដឹកនាំជិវិត និងកសាងអនាគតដ៍ប្រសើរ របស់នៅថ្ងៃអនាគត។

ការថ្លែងបែបនេះ របស់ លោក ហ៊ុន ម៉ាណែត បានធ្វើឡើងខណៈលោកអញ្ជើញ ជាអធិបតី នៅក្នុងពិធីចុះអនុស្សារណ យោគយល់គ្នា រវាងសមាគមសិស្ស និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមហ៊ុន ខ្មែរប៊្រូវើរី លីមិធិត ដែលត្រូវបានប្រារព្ធធ្វើឡើងនៅក្រុមហ៊ុន ខ្មែរប៊្រូវើរី លីមិធិត នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

លោកបានបន្ថែមថា ជាក់ស្តែង ការចុះអនុស្សារណៈយោគយល់គ្នា រវាងស្ថាប័នទាំងពីរនាពេលនេះ បានបង្កើនលទ្ធភាព និងប្រសិទ្ធភាពដល់សមាគម ក្នុងការងារសង្គម និងជាយន្តការដើម្បីផ្តល់ឳកាស ឱ្យយុវជនដែលជាសិស្សនិស្សិត អាហារូបករណ៍ មានឱកាសសិក្សាប្រកបដោយលទ្ធផលល្អប្រសើរ តាមការប្រើប្រាស់ថវិកាដែលក្រុមហ៊ុន បានផ្តល់ឱ្យនាពេលកន្លងមកនិងនៅពេលនេះ។

លោកឧកញ៉ា លាង ឃុន ប្រធានអគ្គនាយកក្រុមហ៊ុន ខ្មែរប៊្រូវើរី លីមិធិត បានឲ្យដឹងថា ក្រុមហ៊ុនបានចូលរួមកិច្ចការសង្គមលើវិស័យជាច្រើន នាពេលកន្លងមករួមមានការផ្តល់អាហារូបករណ៍ ដល់យុវជនជាច្រើនពាន់នាក់ ការចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ ការចូលរួមឧបត្ថម្ភកងទ័ព នៅសមរភូមិមុខនិងវិស័យផ្សេងៗទៀត។ 

លោកឧកញ៉ា លាង ឃុន ថា ថ្ងៃនេះក្រុមហ៊ុនមានឱកាសបានចូលរួមសកម្មភាពសង្គម ជាមួយសមាគមសិស្ស និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈការចុះអនុស្សារណយោគយល់គ្នារវាងស្ថាប័នទាំងពីរ ដើម្បីផ្តល់ជាថវិកាចំនួន១០ម៉ឺនដុល្លាអាមេរិក ចូលរួមជាមួយសមាគមដើម្បីបង្កើនលទ្ធភាពនិងប្រសិទ្ធភាព ដល់សមាគមក្នុងការជួយឱ្យសិស្ស និស្សិតក្រីក្រដែលមកតាមបណ្តាខេត្តនានាបានរៀនសូត្រ នៅថ្នាក់ឧត្តមសិក្សាសំដៅបង្កើនចំណេះដឹង សមត្ថភាព គុណភាពធនធានមនុស្ស ក្នុងការកសាងអនាគតដ៍ប្រសើររបស់ពួកគេ និងកសាងស្គមជាតិទាំងមូលឱ្យមាការរីកចម្រើន។

បន្ទាប់ពីការចុះអនុស្សារណៈយោគយល់គ្នារវាងស្ថាប័នទាំង២រួចមក គណៈប្រតិភូ បានអញ្ជើញដើរទស្សនាចង្វាក់ផលិតកម្មផលិតស្រាបៀកម្ពុជា​ របស់ខ្មែរប៊្រូវើរីផងដែរ។

សូមបញ្ជាក់ថា នេះគឺជាលើកជាទី២ហើយ ដែលសមាគមអាហារូបករណ៍សិស្ស និស្សិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមហ៊ុន ខ្មែរប៊្រូវើរី លីមីធីតបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ក្នុងគោលបំណងបញ្ជាក់ពីការយល់ដឹង និងកិច្ចព្រមព្រាងរវាងស្ថាប័នទាំងពីរ ក្នុងការចូលរួមការងារសង្គមលើវិស័យអប់រំ តាមរយៈការផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិតដោយឥតគិតថ្លៃដែលមកតាមបណ្តាខេត្តបន្តមានឱកាសសិក្សា នៅតាមគ្រឹះស្ថានឧត្តមសិក្សានានា៕