(ភ្នំពេញ)៖ នៅព្រឹកមិញនេះមានលិខិតអនាមឹកមួយសន្លឹកត្រូវបានគេបញ្ជូន​ចូលមកការិយាល័យ Fresh News សូមឲ្យជួយផ្សាយផង ក្រែងបានឮដល់ថ្នាក់ដឹកនាំធ្វើ ការអន្តរាគមន៍ក្រែង​បានធូរចិត្តខ្លះ។

រឿងដែលមិត្តអ្នកអានផ្ញើមក​ឲ្យជួយផ្សាយ​នោះគឺរៀបរាប់​ពីក្លិនស្អុយ​នៅក្នុងសាលា​ខេត្តតែម្ដង តែមិនមែនស្អុយ​ដោយសារលាមក ឬកណ្តុរងាប់​នោះទេ គឺស្អុយដោយ​សារ តែការងារបក្ខពួកពុក​រលួយ​ជាចង្កោម​គ្រួសាររបស់លោកអភិបាល​ខេត្តតែម្ដង។ ដោយសារខ្លឹមសារអត្ថបទ​នេះ​មើលទៅដូច​ទំនងដែរ Fresh News សំរេចដកស្រង់ ខ្លឹមសារយក​មកចុះផ្សាយ​ត្រួសៗជូនទៅចុះថា តើពិតជាមាន​អំពើពុក​រលួយបក្ខពួកនិយម​ក្នុងរឿងការងារណា​ដែលមានប្រយោជន៍​កូនប្រសារ លោកអភិបាលខេត្តក្តោប​យកទៅធ្វើតែឯង​ពិតមែន ឬអត់?។

រឿងដែលមន្រ្តីនៅក្នុងសាលាខេត្តប៉ៃលិន ខំនាំគ្នាអត់ទ្រាំជាយូរឆ្នាំមកហើយ រហូតដល់ទ្រាំ​លែងបាននាំគ្នាទំ​លាយចេញ​មកនេះគឺពាក់ព័ន្ធការ​គ្រប់គ្រង និងដឹកនាំ​ការងារ របស់លោក កើត សុធា អភិបាលខេត្តមាន​លក្ខណៈ​ជាក្រុមគ្រួសារតែ​ម្ដង។ ក្នុងនោះគេលើកឡើងថា គ្រាន់តែលោក​កើត សុធា ឡើងជាអភិបាល​ខេត្តជំនួស លោក អ៉ី ឈាន ដែលដល់អាយុ​ចូលនិវត្តន៍ភ្លាម លោកបាន​អូសយកកូនប្រសារ​ឈ្មោះ ឡាយ អង្គារ៉ា ដែលជាមន្ត្រីនៅទីស្ដីការគណៈរដ្ឋមន្ត្រី ទៅចូលក្របខណ្ឌ​សាលាខេត្តប៉ៃលិន ដោយកាន់តួនាទី​ជានាយករងរដ្ឋ​បាលសាលាខេត្ត និងរត់ការ​​តម្លើងតួនាទី​កូនស្រីឈ្មោះ កើត ស៉ីធាម ពីមន្ត្រីធម្មតានៅមន្ទីរប្រៃសណី​ទៅជាអនុប្រធាន​មន្ទីរ។

ដោយឡែកកូនប្រសាររបស់លោកអភិបាលខេត្តថ្មី ត្បិតមានតួនាទីជា​នាយករងរដ្ឋ​បាលក៏​ពិតមែន តែការងារពាក់ព័ន្ធ​លុយកាក់ត្រូវ​តែឆ្លង​កាត់លោក ជាអ្នកពិនិត្យ និងសម្រេច បើលោកពិនិត្យ​ហើយឯក​ភាពទើបបញ្ជូនចេញ​ទៅឲ្យលោកនាយក​រដ្ឋបាល​ចុះហត្ថលេខា តែបើឯក​សារ​គ្មានប្រយោជន៍ គឺកូនប្រសារ​​ផ្អិបទុកមិនបញ្ជូន ចេញទេ តែបើឯកសារ​មានប្រយោជន៍​​ហើយគេមិន​ឆ្លង​​កូនប្រសារទេ ពេលទៅដល់ដៃ​លោកអភិបាលក៏​លោកមិនស៊ីញ៉េដែរ។ និយាយរួមការងារណា​មានប្រយោជន៍ គឺកូនប្រសារគេច្បាម​យកទៅធ្វើទាំងអស់ ធ្វើឲ្យមន្ត្រីផ្សេងៗ​ទៀតនាំគ្នា​ធ្វើតែឯក​សារ​​ស៊ីក្រដាសប៉ុណ្ណោះ ដែលករណីនេះ​នាំឲ្យមានការថ្នាំង​ថ្នាក់ និងរិះគន់ពីបក្ខពួកនិយម​ស្ទើរពេញសាលា​ខេត្តទៅហើយ។

ឥឡូវនៅសុខៗ ខណៈដែលលោក ហ៊ុយ សារិន ប្រធានមន្ទីរប្រៃសណី និងទូរគមនាគមន៍ខេត្តត្រូវ​ដល់អាយុចូល​និវត្តន៍ ស្រាប់លោកអភិបាលរត់​ការធ្វើសំណើរ ទៅរដ្ឋមន្ត្រីសុំតម្លើង​កូនស្រីខ្លួនឯងឈ្មោះ កើត ស៉ីធាម ជាប្រធាន​មន្ទីរថែម​ទៀត នៅពេលដែលនៅតាមអង្គភាព​មន្ទីរ ការិយាល័យ​ជុំវិញខេត្តសុទ្ធតែ​ជាបក្ខពួកបងប្អូន របស់លោកអភិបាល​ខេត្តភាគច្រើន​ទៅហើយនោះ។

ចុងក្រោយមន្រ្តីដែលជាម្ចាស់​លិខិតសំណូមពរ សូមឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាលជួយ​ពិនិត្យមើល​លើករណីនេះផង។

ខាងលើនេះគ្រាន់តែជាព័ត៌មានដែលអង្គភាពព័ត៌មាន Fresh News ទទួលបានតែពីម្ខាងប៉ុណ្ណោះ ដោយគេនៅ​មិនទាន់ដឹងថា រឿងនេះជារឿងពិត ឬជារឿងប្រឌិត ដើម្បីសំអុយឈ្មោះក្រុមគ្រួសារ​លោកអភិបាលខេត្ត ឬយ៉ាងណា​នៅឡើយទេ។ ដូចនេះបើមានការបក​ស្រាយយ៉ាង​ណានោះ Fresh News ស្វាគមន៍រង​ចាំបំភ្លឺជូនវិញ​ផងដែរ៕