(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានរៀបចំពិធីបណ្តុះបណ្តាល និងផ្សព្វផ្សាយច្បាប់ «យុត្តិធម៌អនិតិជន» រយៈពេល២ថ្ងៃ ពោលគឺនៅថ្ងៃទី៣០ ខែវិច្ឆិកានិងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦​ នៅទីស្តីការក្រសួងសង្គមកិច្ច។

លោក នឹម ថូត រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានលើកឡើងថា ការរៀបចំ បណ្តុះបណ្តាល និងផ្សព្វផ្សាយច្បាប់ «យុត្តិធម៌អនិតិជន» រយៈពេល២ថ្ងៃនេះ គឺដើម្បីផ្សព្វផ្សាយជាសាធារណៈ ជូនអង្គការ-ស្ថាប័នពាក់ព័ន្ធ ដើម្បីជួយដល់អនីតិជន ប្រព្រឹត្តបទល្មើសទទួលបានយុត្តិធម៌ និងសិទ្ធិដូចកុមារដទៃនៅក្នុងសង្គម។

លោក នឹម ថូតថា វគ្គផ្សព្វផ្សាយច្បាប់ «យុត្តិធម៌អនិតិជន» ជាឱកាសមួយអាចស្រូបយកនូវចំណេះដឹង បន្ថែមទៀតទាក់ទងនឹងរបត់នៃការអនុវត្តច្បាប់ ស្តីពីយុត្តិធម៌អនីតិជន ក៏ដូចជាបានចែករំលែកនូវបទពិសោធន៍ក្នុងការធ្វើការងារជាមួយមុខសញ្ញា ដែលជាអនីតិជនប្រព្រឹត្តបទល្មើស។

លោក នឹម ថូតថា បានបន្ថែមថា ក្រសួងសង្គមកិច្ច ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាល លើការងារសុខុមាលភាព ដូចជាកុមារកំព្រា កុមារដែលត្រូវបានបោះបង់ចោល កុមារដែលរងការបំពានផ្លូវភេទ រូបរាងកាយឫផ្លូវចិត្ត កុមារអនាថា កុមារប្រព្រឹត្តបទល្មើស កុមាររងគ្រោះដោយសារអំពើកេងប្រវ័ញ្ចផ្លូវភេទ កុមារពិការ កុមារញៀនសារធាតុញៀន និងកុមារងាយរងគ្រោះ ដទៃទៀតបានដាក់ចេញនូវគោលនយោបាយកំណែទម្រង់គ្រប់គ្រងការពារ ការអប់រំ និងការស្តារនីតិសម្បទាដល់អនីតិជនសម្បទា ដល់អនីតិជនប្រព្រឹត្តបទល្មើស។

បើតាមការបញ្ជាក់ឲ្យដឹងពីលោកស្រី ញ៉ោប សុភាព អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារនៃក្រសួងសង្គមកិច្ច បានបញ្ជាក់ឲ្យដឹងថា ច្បាប់ស្តីពី «យុត្តិធម៌អនិតិជន» មានសារៈសំខាន់ដូចជា ការពារសិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារ រួមទាំងការពារផលប្រយោជន៍របស់ជនរងគ្រោះនិងសង្គម, បង្កើននូវការអប់រំ ទប់ស្កាត់ និងកាត់បន្ថយភាពអសកម្មផ្សេងៗ ក្នុងជួរអនីតិជនឆ្លើយតបនឹងវិធានការនានា,បង្កើនកិច្ចសហប្រតិបត្តិការក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការនីតិប្រតិបត្តិ និងតុលាការក្នុងការដោះស្រាយបញ្ហានីតិជន ឲ្យស្របតាមបទដ្ឋានអន្តរជាតិស្តីពីសិទ្ធិកុមារ, បំពេញកាតព្វកិច្ចជាប្រទេសសមាជិក នៃអនុសញ្ញាស្តីពីកុមារអង្គការសហប្រជាជាតិ និងបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជាមួយស្ថាប័នអន្តរជាតិផ្សេងៗ ក្នុងការការពារសិទ្ធិកុមារ។

គួរបញ្ជាក់ថា ច្បាប់ស្តីពី «យុត្តិធម៌អនិតិជន» ត្រូវបានរដ្ឋសភាអនុម័ត នាសម័យប្រជុំលើកទី៦ នីតិកាលទី៥ និងសម័យប្រជុំវិសាមញ្ញា នីតិកាលទី៣របស់ព្រឹទ្ធសភា ហើយច្បាប់នេះ ត្រូវបានប្រកាសឲ្យប្រើប្រាស់តាមរយៈព្រះរាជក្រមលេខ​ នស/រកម/០៧១៦/០០៩ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦។​ ច្បាប់នេះ បានកំណត់អាយុ នៃការទទួលខុសត្រូវព្រហ្មទណ្ឌរបស់អនីតិជនគឺ១៨ឆ្នាំ៕