(សៀមរាប)៖ លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងជា​​តំណាងរបស់លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នង​ការនគរបាលជាតិ បានដាក់អនុសាសន៍បញ្ជាឲ្យកងកម្លាំងសមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ច ត្រូវបង្កើនការចុះបង្ក្រាបផលិតក្លែងក្លាយ ពិសេសឱសថហាមឃាត់ ឲ្យកាន់មានប្រសិទ្ធភាពខ្លាំងក្លាថែមទៀត។

បទបញ្ជាដ៏ម៉ឺងមាត់ទាំងនេះ ត្រូវបានធ្វើឡើងក្នុងពិធីបិទ​អង្គ​សិក្ខា​សាលាថ្នាក់តំបន់ ​ស្តីពីការ​​ពង្រឹងការអនុវត្តច្បាប់ ដើម្បីស្រាវជ្រាវស៊ើប​អង្កេត​ប្រយុទ្ធ​ប្រឆាំងផលិតផលក្លែងក្លាយ និងឱសថព្យាបាលជំងឺគ្រុន​ចាញ់​ហាម​ឃាត់ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅ​សណ្ឋា​គារអង្គរផារ៉ាឌី ខេត្តសៀមរាប ដែលមានសិក្ខាកាមចូលរួមចំនួន ៧១នាក់ (ស្រី១នាក់) មក​ពីខេត្តសៀមរាប ​កំពង់ធំ បន្ទាយមានជ័យ និងឧត្តរមានជ័យ។

អង្គ​សិក្ខា​សាលាថ្នាក់តំបន់នេះ ក៏មានការចែកវិញ្ញាបត្រជូនសិក្ខាកាមផងដែរ។ ក្រោយពីបញ្ចប់ការចែកវិញ្ញាបត្រជូនសិក្ខាកាម រួចមក លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន បានដាក់អនុសាសន៍ និងសំណូមពរមួយចំនួនដល់សិក្ខាកាម រួមមាន៖

១៖ ត្រូវខិតខំពង្រឹងការងារតាមដាន និងវាយតម្លៃដើម្បីធានាថា សកម្មភាពអនុវត្តការងារ កន្លងមក ដើរចំទិសដៅ​ និងសម្រេចបានជោគជ័យ ក្នុងការអនុវត្តន៍គោលនយោបាយ ផែនការយុទ្ធសាស្រ្ត​របស់រាជរដ្ឋាភិបាល និងចូលរួមសហការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល នៃជំងឺគ្រុនចាញ់។

២៖ ត្រូវខិតខំបន្តអភិវឌ្ឍន៍ធនធានមនុស្ស ដល់កងកម្លាំងនគរបាល​សេដ្ឋកិច្ច ដោយបើកវគ្គបណ្តុះបណ្តាល និងបំប៉នជំនាញរយៈពេលខ្លី និងរយៈពេលវែងនៅនឹងកន្លែង ទាំងក្នុងប្រព័ន្ធបណ្តុះបណ្តាលជារួម និងបន្តទៅ​ដល់មូលដ្ឋានផ្ទាល់។

៣៖ ត្រូវលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ បង្កើនការយល់ដឹងដោយធ្វើការផ្សព្វផ្សាយអំពី ច្បាប់, គោលនយោបាយ, ប្រកាស, គោលការណ៍, ផែនការរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេសត្រូវជំរុញការលើកទឹកចិត្ត និងផ្តល់ប័ណ្ណកិត្តិយសដល់មន្រ្តីអនុវត្ត ដែលមានស្នាដៃល្អ តាមគ្រប់​មធ្យោបាយដែលអាចធ្វើបាន។

៤៖ ត្រូវខិតខំអនុវត្តការងារ​ជំនាញស្រាវជ្រាវស៊ើប​អង្កេត​បទល្មើស​សេដ្ឋកិច្ចគ្រប់ប្រភេទ ដោយសហការជាមួយអាជ្ញាធរដែនដី និងអង្គភាព​ពាក់​ព័ន្ធ ក្នុងសហគមជាតិ-អន្តរជាតិនានា ដើម្បីឈាន​ទៅធ្វើការបង្ក្រា​ឲ្យបាន​ទាន់ពេល និងមានប្រសិទ្ធភាពខ្ពស់។

៥៖ ត្រូវមានសាមគ្គីភាពល្អក្នុងជួរកងកម្លាំង ក៏ដូចនៅក្នុង​អង្គភាព​ទាំងមូល។

សូមជម្រាបថា សិក្ខាកាមដែលជាមន្រ្តីនពាក់ព័ន្ធទាំងនោះ បានប្ដេជ្ញាខិតខំអនុវត្តការងារដែលថ្នាក់ដឹកនាំបានដាក់ជូន ឲ្យមានប្រសិទ្ធភាពខ្ពស់ថែមទៀត ដើម្បីទប់ស្កាត់បទល្មើសនានា ដែលជាបញ្ហារាំងខ្ទប់ដល់ការអភិវឌ្ឍសង្គម៕