(ភ្នំពេញ​)៖ ​តាមការគ្រោងទុក នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្អែកនេះ តុលាការកំពូលនឹងប្រកាសសាលដីកា លើសំណុំរឿង សុំមោឃភាពនីតិវិធីតុលាការ ចំពោះមន្រ្តីអាដហុក ៤រូប និងគ.ជ.ប ១រូប។

សំណុំរឿងនេះ ត្រូវបាន​តុលាការ​កំពូល​ បើកសវនាការ នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ ខែ​វិច្ឆិកា​ ឆ្នាំ២០១៦។ សវនាការនេះ​ដឹកនាំ​ដោយ​ លោក​ស្រី​ គិម​ សត្ថាវី​ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ និង​ លោក​ ឈួន​ ចាន់ថា​ ជា​តំណាង​មហា​អយ្យការ​។​ កម្មវត្ថុ​នៃ​សវនាការ​នេះ​គឺ​បណ្តឹង​សុំ​មោឃភាព​ នីតិវិធី​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​។

សូមជំរាបថា មន្ត្រី​អាដហុក​៤រូប​ និង​មន្ត្រី​គជប​ បានជាប់​ចោទ​ពី​បទ​សូកប៉ាន់​សាក្សី​ និង​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​ នៅក្នុងរឿងសញ្ចារកម្ម ពាក់ព័ន្ធនឹងអ្នក​នាង​ ខុម​ ចាន់​តារ៉ាទី​ ហៅ​ស្រី​មុំ​ ដើម្បី​កុំឲ្យ​អ្នកនាង​និយាយ​ការ​ពិតប្រាប់​សមត្ថកិច្ច ​​ចំពោះ​រឿង​អាស្រូវ​ផ្លូវ​ភេទ​របស់​ លោក​ កឹម​ សុខា​។ ក្រុម​ជនត្រូវចោទ​ទាំង​៥នាក់​ត្រូវ​បាន​ លោក​ ធាម​ ច័ន្ទ​ពិសិដ្ឋ ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ កាល​ពី​ល្ងាច​ថ្ងៃ​ទី០២​ ខែ​ឧសភា​ ឆ្នាំ​២០១៦​ ​៕