(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបង្គាប់ឱ្យមន្រ្តីក្រោមចំណុះរៀបចំពិធីអបអរ និងជួបជុំដល់ទាហានខ្មែរ ដែលទទួលបានការបណ្តុះបណ្តាល នៅប្រទេសដទៃ ឱ្យដូចជាពិធីជួបជុំអបអរដល់ទាហានដែលទទួលបានការបណ្តុះបណ្តាល នៅប្រទេសវៀតណាមដែរ។

ការប្រកាសរបស់ លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានធ្វើឡើងនៅក្នុងពិធីជួបជុំអតីតសិក្ខាកាមយោធាកម្ពុជាប្រមាណ១២០០នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដើម្បីពិធីអបអរ៥០ឆ្នាំ នៃមិត្តភាពកម្ពុជា-វៀតណាម។ សិក្ខាកាមទាំងនោះ សុទ្ធសឹងតែទទួលបានការបណ្តុះបណ្តាលនៅប្រទេសវៀតណាម។

លោក ឧបនាយករដ្ឋមន្រ្តី បានថ្លែងយ៉ាងដូច្នេះថា «ការជួបជុំរបៀបនេះ មិនមែនយើងអនុញ្ញាតឱ្យតែធ្វើជាមួយវៀតណាមនោះទេ ខ្ញុំសូមជំរាបឱ្យហើយ គឺឥឡូវហ្នឹងតែម្តង ! ខ្ញុំនឹងបើកឱកាសឱ្យទាំងអស់ សិក្ខាកាមដែលរៀននៅប្រទេសមួយចំនួន បើសិនជាមានបំណងចង់ជួបជុំ ចង់ធ្វើក៏ត្រូវធ្វើដែរ»

លោកឧបនាយករដ្ឋមន្រ្តីបានបន្ថែមថា ក្រៅពីសិក្ខាកាមយោធាកម្ពុជា បានទៅបណ្តុះបណ្តាលនៅប្រទេសវៀតណាម យោធាកម្ពុជាក៏បានទៅរៀនសូត្រ និងចូលរួមវគ្គបណ្តុះបណ្តាលនៅប្រទេសមួយចំនួនទៀតដែរក្នុងនោះមានទាហានខ្មែរទៅរៀននៅប្រទេសចិន រុស្ស៊ី និងសហរដ្ឋអាមេរិក ជាដើម៕