(ភ្នំពេញ)៖ លោក ស៊ិន ច័ន្ទសាយ៉ា ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយ នៃក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ បានថ្លែងបង្ហើបឲ្យដឹង នៅក្នុងពិធីបើកសម្ពោធ ចាក់បញ្ចាំងជាផ្លូវការ​នូវភាពយន្តខ្នាតធំ រឿង «វិកលចរិត» នាល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅឯផ្សារទំនើប អ៉ីអនម៉ល​ ថា ​ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ នឹងយករឿង «វិកលចរិត» ទៅចូលរួមប្រកួតក្នុងកម្មវិធី មហោស្រពភាពយន្តអន្តរជាតិ នៅក្នុងប្រទេសចិន នាដើមខែក្រោយនេះ ព្រោះតែក្រសួងបានមើលឃើញថា រឿងនេះ មានលក្ខណៈ​បច្ចេកទេស និង គុណភាពស្ដង់ដារអន្តរជាតិ អាចចូលរួមប្រកួតប្រជែងបាន។

ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយ នៃក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈរូបនេះ បានបញ្ជាក់ថា ភាពយន្តខ្នាតធំ រឿង «វិកលចរិត» គ្រាន់តែឮចំណងជើង ក៏មានសភាពប្លែក ចំឡែកអារម្មណ៍ដែរ លោកសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ​ផលិតករ ដែលបានចំណាយធនធាន និងកម្លាំងកាយចិត្ត ផលិតរឿង «វិកលចរិត» ខណៈដែលរឿងនេះ មិនងាយនឹងមាននរណាផលិតឡើង​បាន ដោយងាយស្រួលណាស់។

លោក ស៊ិន ច័ន្ទសាយ៉ា បានបន្ថែមថា ភាពយន្តរឿង «វិកលចរិត» ត្រូវបានក្រសួងវាយតម្លៃថា ល្អ មានគុណភាពសមស្រប ហើយមិនមែនជាភាពយន្តកំប្លែង ភ័យរន្ធត់ ឥតប្រយោជន៍ ដូចជាភាពយន្តដទៃ នាពេលកន្លងមកនោះទេ ព្រោះភាពវិកលចរិតរបស់មនុស្ស ត្រូវបានលាតត្រដាងក្នុងភាពយន្តនេះ ហើយនឹងធ្វើឲ្យអ្នកទស្សនា​យល់កាន់តែច្បាស់។ លោកសង្ឃឹមថា ភាពយន្តនេះ នឹងទទួលបានជោគជ័យ ខណៈដែលក្រសួងនឹងយករឿងនេះ ទៅបង្ហាញនៅមហោស្រពភាពយន្ត ​ក្នុងប្រទេសចិន ដើមខែធ្នូ ខាងមុខនេះ។

ដោយឡែក លោក ហ៊ុយ យ៉ាឡេង ចាងហ្វាងផលិតកម្ម មាតុចក្រហ្វីលម៍ ជាផលិតករ និងជាតួឯកក្នុងរឿង «វិលចរិត» បានបង្ហាញមូល​ហេតុសំខាន់ៗ ដែលនាំឲ្យលោក​ផលិតរឿងនេះឡើងថា ដំបូងឡើយលោកបានឃើញមនុស្សវិកលចរិតម្នាក់ រស់នៅក្បែរផ្ទះរបស់លោក ហើយមនុស្សដែលរស់នៅជុំវិញខ្លួន គឺពិបាកនឹងយល់ចិត្តបំផុត ព្រោះមិនដឹងថា តើមនុស្សវិកលចរិតចង់បានអ្វីឲ្យប្រាកដ។ លោកបានសិក្សាពីចរិតរបស់មនុស្សវិកលចរិត ទើបលោកដឹងថា មនុស្សនេះ ក៏ត្រូវការភាពសប្បាយរីករាយ ការយល់ចិត្ត ចេះខឹង ចេះស្អប់ មានគំនុំ ដូចជាមនុស្សធម្មតាទូទៅដែរ គ្រាន់តែគេមិនបញ្ចេញឲ្យដឹង។

លោកបន្តថា ដោយលោកជាអ្នក​ចូលចិត្ត​វិស័យភាពយន្ត និងមានជំនាញក្នុងវិស័យនេះ​ជាង១០ ឆ្នាំមកហើយនោះ លោកបានយកមកចងក្រង​​ជាភាពយន្តឡើង ដោយត្រូវពិភាក្សាជាមួយក្រុមបច្ចេកទេស ផលិតរឿងវិកលចរិត និយាយពីជីវិតជាក់ស្ដែង​​របស់មនុស្សវិកលចរិតម្នាក់ ដែលលោកបានឃើញជាក់ស្ដែង កុំឲ្យមហាជនរើសអើង​​ មនុស្សវិកលចរិត និងកុំឲ្យឃ្លាតឆ្ងាយពីសង្គម។

លោក ហ៊ុយ យ៉ាឡេង បានបង្ហាញក្ដីរំពឹងថា ភាពយន្តខ្នាតធំ រឿង «វិកលចរិត» ដែលជាភាពយន្តភ័យរន្ធត់តក់ស្លុក តាំងពីដើមរហូតដល់ចប់ នឹងទទួលបានជោគជ័យ ពេល​ដាក់បញ្ចាំងលើទីផ្សារ​​ក្នុងប្រទេស ជាពិសេសក្រសួងវប្បធម៌ តាមរយៈការបង្ហើបរបស់​លោក ស៊ិន ច័ន្ទសាយ៉ា ថា នឹងយករឿងនេះ ទៅក្នុងមហោស្រពភាពយន្ត នៅប្រទេសចិន។ ម្យ៉ាងវិញទៀត ក្រុមហ៊ុន «ពូព្រហ្ម» ដែលជាក្រុមហ៊ុនចែកចាយភាពយន្ត ទៅក្រៅប្រទេស ក៏កំពុងតែពិនិត្យ​រកទីផ្សារបន្ថែម មានដូចជា ឡាវ ម៉ាឡេស៊ី វៀតណាម និងថៃ ជាដើម ដែលធ្វើឲ្យលោកកាន់តែរំពឹងខ្ពស់៕