(ភ្នំពេញ)៖ រហូតមកដល់រសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ការសម្រេចទៅលើ ក្រុមចាប់ជំរិតជាជនជាតិចិន២នាក់ នៅមិនទាន់មានលទ្ធផលនៅឡើយទេ ដោយសារតែ លោកព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន មិនទាន់មានអ្នកបកប្រែនៅឡើយ។ យ៉ាងណាក៏ដោយ ជនសង្ស័យទាំង២នាក់ នឹងបន្តសួរនាំនៅថ្ងៃស្អែកបន្តទៀត។

សូមបញ្ជាក់ថា ក្រុមចាប់ជំរិតជនជាតិចិន២នាក់ ដែលបានចាប់ស្ត្រីជនជាតិដូចគ្នាជំរិតទារប្រាក់១ម៉ឺនដុល្លារ ពីថៅកែហាងម៉ាហ្សា បើមិនបានគំរាមសម្លាប់ចោលនោះ ត្រូវបាននគរបាលខណ្ឌពោធិសែនជ័យ បញ្ជូនមកកាន់សាលាដំបូង នៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៦នេះ ដើម្បីធ្វើការសាកសួរ និងចាត់វិធានការតាមច្បាប់។

ក្រុមជនចាប់ជំរិតទាំង២នាក់ បានត្រូវនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយនគរបាល ក្រុងតាខ្មៅ ខេត្តកណ្តាល ចាប់ខ្លួនបានជាបន្តបន្ទាប់ ព្រមទាំងរំដោះបានស្ត្រីរងគ្រោះពីកណ្ដាប់ ដៃជនទាំងនោះដោយសុវត្ថិភាពផងដែរ។

ប្រតិបត្តិការតាមចាប់ខ្លួនក្រុមជនចាប់ជំរិតនេះ បានធ្វើឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា នៅទីតាំងដែលពួកគេលាក់ខ្លួននិងបង្ខាំងស្ត្រីរងគ្រោះ ក្នុងផ្ទះសំណាក់យីហោ ដាល្លារ៉ាន់ ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។

គួរំលឹកថា នៅថ្ងៃទី២៤ ខែវិច្ឆិកា វេលាម៉ោង៣ទៀបភ្លឺ ជនសង្ស័យបានហៅជនរងគ្រោះពីបុរីញូវថោន ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទៅដើរលេង ហូបបាយជាមួយគ្នា និងម៉ាស្សា បន្ទាប់មកបាននាំទៅកាន់ផ្ទះសំណាក់យីហោ ដាល្លារ៉ាន់ ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលជាកន្លែងបង្ខាំងនាងទុក។

លុះរហូតដល់ព្រឹកថ្ងៃដដែលនោះ ពួកឧក្រិដ្ឋជនបានទូរស័ព្ទទៅគំរាមថៅកែហាង ឲ្យផ្ញើលុយឲ្យពួកគេ១ម៉ឺនដុល្លារ ជាថ្នូរនឹងការដោះលែងស្ត្រីរងគ្រោះ ព្រោះពួកគេគឺជាក្រុមចាប់ជំរិត បើគ្មានលុយទេនៅវេលាម៉ោង១២ថ្ងៃត្រង់ និងបន្តពន្យាពេលម៉ោង៣ ពួកគេនឹងសម្លាប់នាងរងគ្រោះចោលភ្លាម។

ពេលទទួលបានដំណឹងនេះ ថៅកែហាងម៉ាស្សាបានទៅប្ដឹងនគរបាលខណ្ឌពោធិ៍សែនជ័យ ទើបមានការស្រាវជ្រាវរហូតកំណាត់បានមុខសញ្ញា ព្រមទាំងទីកន្លែងដែលពួកនោះលាក់ខ្លួននិងលាក់ចំណាប់ខ្មាំង ។ បន្ទាប់ពីកំណត់បានមុខសញ្ញាហើយ កម្លាំងសមត្ថកិច្ចបានធ្វើការចរចាពន្យារពេលជាមួយជនសង្ស័យ រហូតធ្វើឲ្យជនសង្ស័យផ្លាស់ប្ដូរពេលវេលា ប្រគល់លុយពីថ្ងៃត្រង់មកម៉ោង៣រសៀល ថ្ងៃដដែលវិញ ហើយជនសង្ស័យតម្រូវឱ្យវេរលុយតាមវីង។

ក្រោយពីចរចាត្រូវរ៉ូវគ្នាអំពីពេលវេលាហើយ សមត្ថកិច្ចបានប្រកាសប្រាប់គ្រប់កន្លែងវីងវេរលុយទូទាំងក្រុងតាខ្មៅថា បើមានជនណាមកដកលុយតាមលេខកូដដែលសមត្ថកិច្ចបានប្រាប់នេះ គឺត្រូវរាយការណ៍ប្រាប់សមត្ថកិច្ចភ្លាម ព្រោះជនដែលមកដកលុយនោះជាជនចាប់ជំរិត។

ក្រោយមកក៏លេចមុខក្រុមជនល្មើស ទៅដកប្រាក់សមត្ថកិច្ចក៏ឡោមព័ទ្ធ ចាប់ខ្លួនតែម្ដង៕