(ភ្នំពេញ)៖ ប្រជាពលរដ្ឋខណ្ឌច្បារអំពៅ បានស្នើឲ្យអាជ្ញាធរ ជួយដោះស្រាយបញ្ហារបស់ពួកគាត់ ក្រោយពីមានទុក្ខកង្វល់ អំពីលំនៅដ្ឋានរបស់គាត់ រងការលិចលង់ដោយសារជំនន់ទឹកភ្លៀងនៅរដូវវស្សា ព្រោះមូលដ្ឋានរបស់ពួកគាត់ ខ្វះប្រព័ន្ធលូ ប្រឡាយសម្រាប់រំដោះទឹកចេញ កាន់ទៅទន្លេ ឬប្រភពស្តុកទឹក។

ប្រជាពលរដ្ឋនៅសង្កាត់និរោធ នៅសង្កាត់ព្រែកប្រាក៏ដូចជា ប្រជាពលរដ្ឋរស់នៅ សង្កាត់វាលស្បូវ និងព្រែកឯង បានលើកឡើងស្រដៀងគ្នាថា ជារៀងរាល់ឆ្នាំនៅរដូវវស្សាលំនៅដ្ឋាន របស់ពួកគាត់តែងតែ រងការលិចលង់ដោយជំនន់ទឹកភ្លៀង។

ពួកគាត់បន្តថា សម្រាប់ការបញ្ជៀសទឹកលិចលង់លំនៅដ្ឋាន ចេញពីតំបន់មួយទៅតំបន់មួយគឺមិនអាចរកទីតាំងសម្រាប់ រំដោះទឹកនេះបានឡើយ ដោយកន្លែងស្តុបទឹកបឹងធម្មជាតិ និងព្រែកនៅក្នុងភូមិសាស្រ្តនេះ ត្រូវបានគេរំលោភលប់ចាក់ដី សង់លំនៅដ្ឋានថ្មីអស់ហើយ។ ដូច្នេះតាមរយៈវេទិកានេះ សូមអាជ្ញាធរខណ្ឌរាជធានី និងមន្ទីរជំនាញពាក់ព័ន្ធ ពិសេស គណៈចុះពង្រឹងមូលដ្ឋានមេតារួមគ្នាដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋផង។

ការលើកឡើងរបស់ប្រជាពលរដ្ឋបែបនេះ បានធ្វើឡើងនៅក្នុងវេទិកាផ្សព្វផ្សាយ ពីគ្រោះយោបល់ របស់ក្រុមប្រឹក្សា រាជធានីភ្នំពេញ អាណត្តិទី២ រៀបចំធ្វើនៅថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងវត្តចំពុះក្អែក ក្រោមវត្តមានរបស់លោក នុត ជា សមាជិកក្រុមប្រឹក្សារាជធានី និងលោកស្រី ម៉ក់ វណ្ណស៊ីថា អភិបាលរងរាជធានីភ្នំពេញ និងមន្ត្រីក្រុមប្រឹក្សារាជធានី ខណ្ឌ មន្ត្រីជំនាញ ព្រមទាំងមានការចូលពី ប្រជាពលរដ្ឋរស់នៅក្នុង មូលដ្ឋាន ខណ្ឌច្បារអំពៅជាច្រើននាក់ទៀត។

លោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅ បានទទួលស្គាល់អំពីការលិចលង់លំនៅដ្ឋានរបស់ បងប្អូនដែលបានលិចលង់ ដោយជំនន់ទឹកភ្លៀងនៅរដូវវស្សានេះ ហើយលោកក៏ព្រមទទួលយកនូវសំណើស្នើសុំរបស់បងប្អូននេះផងដែរ ដើម្បីពិភាក្សា ជាមួយក្រុមប្រឹក្សាខណ្ឌ ក៏ដូចថ្នាក់រាជធានី ពិសេសគណៈពង្រឹងមូលដ្ឋាន  ដើម្បីរកវិធីដោះស្រាយរួមគ្នារៀបចំធ្វើប្រព័ន្ធលូ ប្រឡាយជូនបងប្អូននៅរដូវប្រាំង នេះ។

លោក អភិបាលរងខណ្ឌបន្តថា ការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋទាំង៦សង្កាត់នេះ អាជ្ញាធរ មូលដ្ឋានតែងតែជួយ អន្តរាគមន៍ ជារៀងរាល់ឆ្នាំ គឺរំដោះខាងលើ លិចខាងក្រោមដោយសារតំបន់ជាតំបន់ បាតខ្ទះ ដូច្នេះមានតែចំណុច១គត់ គឺរៀបចំប្រព័ន្ធរំដោះទឹកចេញទៅទន្លេមេគង្គក្រោមតែម្តង។

សូមបញ្ជាក់ថា ខណ្ឌច្បារអំពៅ មាន៨សង្កាត់គឺ សង្កាត់ច្បារអំពៅទី១-សង្កាត់ច្បារអំពៅទី២ និរោធ  ព្រែកថ្មី ក្បាលកោះ វាលស្បូវ ព្រែកឯង និងសង្កាត់ព្រែកប្រា៕