(ភ្នំពេញ)៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតឲ្យលោក ផាន់ វ៉ាន់ស៊ាវ អគ្គអធិការ​កិច្ចរដ្ឋាភិបាលវៀតណាម ដឹកនាំប្រតិភូចូលសម្តែង ការគួរសម ពិភាក្សាការងារ និងចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា(MOU)មួយចំនួនទៀត នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីស្តីការក្រសួង។

ភាគីកម្ពុជា-វៀតណាម នឹងពិភាក្សាការងារ និងចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអធិការកិច្ច រវាងក្រសួងទំនាក់ទំនង​ជាមួយរដ្ឋ​សភា-ព្រឹទ្ធសភា និងអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ជាមួយអធិការកិច្ចរដ្ឋាភិបាលនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ។

នៅក្នុងជំនួបនោះផងដែរ លោកស្រី ម៉ែន សំអន និងលោក ផាន់ វ៉ាន់ស៊ាវ  ក៏បានរាយការណ៍ជូនគ្នាទៅវិញទៅមកអំពីសភាពការនយោបាយ និងសភាពការសេដ្ឋកិច្ច រួមជាមួយលទ្ធផល​ការងារ និងទិសដៅទៅពេលអនាគត។

គួរបញ្ជាក់ថា ពិធីចុះហត្ថលេខាលើអនុស្សារណៈនេះមានសារៈសំខាន់ណាស់ ក្នុងការព្រឹងកិច្ចសហប្រតិបត្តិការ វិស័យអធិការកិច្ច ធ្វើការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញ​ទៅមករវាងប្រទេសទាំងពីរ ហើយពិធីនេះត្រូវ បានបន្ត ធ្វើជារៀងរាល់៥ឆ្នាំម្តងផងដែរ៕